Skip to content

​យន្តហោះ​បុកគ្នា​ជាមួយ​ម៉ូតូពេល​កំពុង​ចុះ​ចត បណ្ដាល​ឱ្យ​មនុស្ស​ច្រើន​នាក់​បាត់​បង់ជីវិត

(ហ្គីណេ)-ម៉ូតូ​មួយ​គ្រឿង​ព្យាយាម​បរឆ្លង​ផ្លូវ​រត់​របស់​យន្តហោះ​ ក្នុង​ពេល​ដែលយន្តហោះ​​ A320neo របស់​ក្រុមហ៊ុន​ TAP Air កំពុង​ចុះចត​ បណ្ដាល​ឱ្យ​មនុស្ស​ ២​ នាក់​នៅ​លើ​ម៉ូតូ​ត្រូវ​បាត់បង់ជីវិត។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ពេល​យន្តហោះ Airbus A320neo របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ TAP Air របស់​ ព័រទុយហ្គាល កំពុង​ចុះ​ចត​នៅ​លើ​ព្រលាន​យន្តហោះ​អន្តរជាតិ Ahmed Sekou Toure នៅ ​រដ្ឋធានីកូណាគ្រី ប្រទេស​ហ្គីណេ កាលពី​យប់​ថ្ងៃទី ០២​ កញ្ញា​ ប៉ុន្តែ ព័ត៌មាន​នេះ​ទើបតែ​​ត្រូវ​បាន​អាជ្ញាធរ​ប្រកាស​កាលពី​ថ្ងៃ​ទី ០៤ កញ្ញា​។

អាជ្ញាធរ​ហ្គីណេ បាន​ឱ្យ​ដឹង​ថា ម៉ូតូ​មួយ​គ្រឿង មុន​ពេល​​​ជួប​គ្រោះ​ថ្នាក់ បាន​ព្យាយាម​បរឆ្លង​កាត់​ផ្លូវ​រត់​របស់​យន្តហោះ នៅ​ពេល​យន្តហោះ​កំពុង​បន្ថយ​ល្បឿន ចុះចត​ ហើយ​ក៏​បាន​ប៉ះទង្គិច​ទៅ​នឹង​ម៉ាស៊ីន​នៅ​ស្លាប​ខាង​ស្ដាំ​របស់​យន្តហោះ​។ មនុស្ស​ ២ នាក់​​ដែល​ជិះ​លើ​ម៉ូតូ​នោះ​បាន​បាត់បង់ជីវិត​ ក្នុង​នោះ ជនរងគ្រោះ​ម្នាក់​ត្រូវ​បាន​គេ​ជឿ​ថា ជា​មន្ត្រី​នៅ​អាកាសយានដ្ឋាន​។

ម៉ាស៊ីន​របស់​យន្តហោះ A320neo ត្រូវ​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ ប៉ុន្តែ មិន​មាន​ការ​ផ្ទុះ​ឆេះ​ ហើយ​ក៏​មិន​បង្ក​ឱ្យ​មាន​អ្នក​ណា​ម្នាក់​លើ​យន្តហោះ​​ រងរបួស​នោះ​ដែរ​។ ហេតុ​ការណ៍​នេះ​នាំ​ឱ្យ​យន្តហោះ​ត្រូវ​លុប​ចោល​ជើង​ហោះ​ហើរ​បន្ទាប់​ដែល​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់ ព័រទុយហ្គាល។ បច្ចុប្បន្ន យន្តហោះ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ រដ្ឋធានី​កូណាគ្រី​។

អាជ្ញាធរ​គ្រប់​គ្រង​អាកាសយានដ្ឋាន​របស់ ហ្គីណេ បាន​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​រកមូលហេតុ​ដែល​នាំ​ឱ្យ​មាន​ហេតុការណ៍​នេះ​៕

Leave a Reply

Your email address will not be published. Required fields are marked *