យន្តហោះ Cessna 551 ចុះឈ្មោះនៅ ប្រទេសអូទ្រីស បានហោះឡើងពី Jerez នៅភាគខាងត្បូងរបស់ ប្រទេសអេស្ប៉ាញ កាលពីម្សិលមិញ បានជួបគ្រោះថ្នាក់នៅលើសមុទ្រ ឡេតូនី។
អង្គភាពសង្គ្រោះរបស់ ស៊ុយអែត បានឱ្យដឹងថា យន្តហោះ Cessna ឯកជនមួយគ្រឿង បានធ្លាក់នៅលើសមុទ្រឡេតូនី កាលពីរសៀលថ្ងៃទី ០៤ កញ្ញា (ម៉ោងក្នុងស្រុក) ក្រោយពីយន្តហោះចម្បាំងរបស់ ណាតូ ត្រូវបានបញ្ជូនទៅតាមដានផ្លូវហោះហើរខុសប្រក្រតីរបស់យន្តហោះនេះ។
អ្នកនាំពាក្យអង្គភាពសង្គ្រោះរបស់ ស៊ុយអែត បានប្រកាសថា «យើងបានដឹងថា យន្តហោះនេះបានធ្លាក់ (លើសមុទ្រ) នៅភាគនិរតីនៃទីរួមស្រុក Ventspils របស់ ឡេតូនី។ វាបានបាត់ខ្លួនពីរ៉ាដា»។
ទំព័រ FlightRadar24 ដែលជាអ្នកតាមដានជើងហោះហើរនានា បានឱ្យដឹងថា យន្តហោះ Cessna 551 ចុះឈ្មោះនៅ ប្រទេសអូទ្រីស បានហោះឡើងពី Jerez នៅភាគខាងត្បូងរបស់ ប្រទេសអេស្ប៉ាញ កាលពីម្សិលមិញ ប៉ុន្តែ មិនមានគោលដៅច្បាស់លាស់។
យន្តហោះខាងលើបានបង្វែរទិសដៅ ២ លើក នៅ បារីស និង Cologne មុនពេលហោះត្រង់ទៅកាន់សមុទ្របាល់ទិក ដោយឆ្លងកាត់កោះ Gotland របស់ ស៊ុយអែត។
FlightRada24 បានរកឃើញថា នៅវេលាម៉ោង ១៧ និង ៣៧ នាទី (GMT) យន្តហោះនេះបានបាត់បង់ល្បឿន និងកម្ពស់យ៉ាងឆាប់រហ័ស៕