Skip to content

ក្រសួងការបរទេស​អាម៉េរិក សម្រេច​លក់​អាវុធ​តម្លៃ​ ១.១ ពាន់​លាន​ដុល្លារ​ ឱ្យ​ កោះតៃវ៉ាន់

ក្រសួងការបរទេស​អាម៉េរិក បាន​អនុម័ត​ការ​លក់​មីស៊ីល​អាកាស​ប្រឆាំង​អាកាស​ចំនួន ១០០ គ្រាប់​​ រួម​នឹង​អាវុធ​ជា​ច្រើន​ផ្សេង​ទៀត​ ក្នុង​តម្លៃ​ ១.១ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ទៅ ឱ្យ​ កោះ​តៃវ៉ាន់។

ការិយាល័យ​សហប្រតិបត្តិ​ការ​សន្តិសុខ​ការ​ពារ​ជាតិ​ (DSCA) របស់​ មន្ទីរ​បញ្ចកោណ កាលពី​ថ្ងៃទី ០២ កញ្ញា បាន​ប្រកាស​ថា ក្រសួង​ការបរទេស​អាម៉េរិក បាន​អនុម័ត​ការ​លក់​អាវុធ​ និង​ឧបករណ៍​យោធា​តម្លៃ ១.‌១ ពាន់​លាន​ដុល្លារ​ ទៅ​ឱ្យ​ កោះតៃវ៉ាន់​។

កញ្ចប់​អាវុធ​នេះ​រួម​មាន មីស៊ីល​ AIM-9 Sidewinder ចំនួន ១០០ គ្រាប់ តម្លៃប្រហែល ៨៥.៦ លាន​ដុល្លារ​, មីស៊ីល​ប្រឆាំង​នាវាពិឃាត​ Harpoon ចំនួន ៦០ គ្រាប់ តម្លៃ​ប្រហែល ៣៥៥ លាន​ដុល្លារ​ រួម​នឹង​ប្រព័ន្ធគាំទ្រ​សម្រាប់​​រ៉ាដា តម្លៃ​ប្រហែល ៦៦៥.៤ លាន​ដុល្លារ​។

សភា​អាម៉េរិក នឹង​ពិនិត្យ​អនុម័ត​លើ​ការ​លក់​អាវុធ​របស់​ ក្រសួង​ការបរទេស​អាម៉េរិក​ ខាងលើនេះ ប៉ុន្តែ មន្ត្រី​ជាច្រើន​រូប​របស់​ សហរដ្ឋ​អាម៉េរិក បាន​អះអាង​ថា កញ្ចប់​អាវុធ​តម្លៃ ១.‌១ ពាន់​លាន​ដុល្លារ​នេះ ប្រាកដ​ជា​មិន​ជួប​ការ​រាំង​ខ្ទប់​នៅ​ សភា​អាម៉េរិក​ ឡើយ​ ព្រោះ​ថា ទាំង​បក្ស​ប្រជាធិបតេយ្យ ទាំង​បក្ស​សាធារណរដ្ឋ​ សុទ្ធ​តែ​មិន​មាន​ការ​ប្រឆាំង​។

អ្នកនាំពាក្យ​របស់ ស្ថានទូត​ចិន ​នៅ សហរដ្ឋ​អាម៉េរិក លោក Liu Pengyu បាន​អំពាវនាវឱ្យ​ សហរដ្ឋ​អាម៉េរិក​ «ដកហូត​» ការ​សម្រេច​លក់​អាវុធ​ឱ្យ​ កោះ​តៃវ៉ាន់ នេះ ជា​បន្ទាន់។ «ប្រការ​នេះ​កំពុង​តែ​បញ្ជូន​សារ​មិន​ត្រឹម​ត្រូវ​ទៅ​ឱ្យ ក្រុម​ទាម​ទារ​ឯករាជ្យ​នៅ កោះតៃវ៉ាន់ និង​បង្ក​គ្រោះ​ថ្នាក់​ដល់​ទំនាក់​ទំនង​រវាង ចិន និង អាម៉េរិក ក៏ដូចជា​សន្តិភាព​ ស្ថិរភាព​នៅ​ ច្រក​សមុទ្រ​តៃវ៉ាន់» លោក Liu Pengyu បញ្ជាក់​ដូច្នេះ​៕

Leave a Reply

Your email address will not be published. Required fields are marked *