Skip to content

អតីត​ប្រធានាធិបតី​ស្រីលង្កា លោក Rajapaksa បាន​វិល​ត្រលប់​ចូល​​មក​មាតុប្រទេស

អតីត​ប្រធានាធិបតី​ស្រីលង្កា លោក Rajapaksa ត្រលប់​ចូល​ប្រទេស​វិញ ក្រោយ​រយៈពេល ៧ សប្ដាហ៍​​​ដែល​បាន​និរទេស​ខ្លួន​ក្នុងអំឡុង​ប្រទេស​នេះ​ធ្លាក់​នៅក្នុង​វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ។

មន្ត្រី​អាកាសយានដ្ឋាន​នៅ ស្រីលង្កា បានឱ្យដឹងថា អតីត​ប្រធានាធិបតី Gotabaya Rajapaksa ត្រូវបាន​ក្រុម​រដ្ឋមន្ត្រី និង​ក្រុម​អ្នកនយោបាយ​របស់​ប្រទេស​នេះ​ចេញមក​ទទួល​នៅ​ព្រលានយន្តហោះ​កាលពី​ថ្ងៃទី ០២ កញ្ញា។

លោក Rajapaksa វ័យ ៧៣ ឆ្នាំ បាន​ត្រលប់មក​ប្រទេស​វិញ ក្រោយ​រយៈពេល ៥២ ថ្ងៃ​ដែល​បានរស់នៅ​និរទេស​ខ្លួន​ចាប់តាំងពី​បាន​រត់គេច​ទៅ​បរទេស នៅពេល​ប្រឈម​នឹង​បាតុកម្ម​ កាលពី​ថ្ងៃទី ១៣ កក្កដា។ លោក Rajapaksa មុន​នោះ បាន​ផ្ញើលិខិត​លាលែង​ពី​តំណែង និង​ត្រូវបាន​សភា​យល់ព្រម។

មន្ត្រី​ការពារជាតិ​មួយរូប​របស់ ស្រីលង្កា បាន​ឱ្យដឹងថា លោក Rajapaksa រស់នៅក្នុង​សណ្ឋាគារ​មួយ​​នៅ ប្រទេស​ថៃ «មិន​ខុស​អ្វី​ទៅនឹង​អ្នកទោស» និង​មានបំណង​វិល​ត្រលប់មក​ប្រទេស​វិញ។

«អង្គភាព​សន្តិសុខ​មួយ​ទើបតែ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ការពារ​សុវត្ថិភាព​របស់លោក Rajapaksa ក្រោយពី​លោក​បាន​ត្រលប់មក​ប្រទេស ក្នុងនោះ​មាន​សមាជិក​មកពី​ជួរ​កងទ័ព និង​ប៉ូលិស​ពិសេស» មន្ត្រី​ការពារជាតិ​ខាងលើ​បន្ថែម​ដូច្នេះ។

យោងតាម​រដ្ឋធម្មនុញ្ញ​របស់ ស្រីលង្កា អតីត​ប្រធានាធិបតី​ទាំងឡាយ​របស់​ប្រទេស​នេះ នឹង​ទទួលបាន​ការការពារ​ពី​ក្រុម​អង្គរក្ស ផ្ទះ​ស្នាក់នៅ និង​យានជំនិះ​មួយគ្រឿង។

អតីត​ប្រធានាធិបតី​ស្រីលង្កា លោក Rajapaksa បាន​ក្លាយជា​ចំណុចកណ្ដាល​នៃ​ការរិះគន់​របស់​ហ្វូង​បាតុករ​នៅ ស្រីលង្កា នៅពេល​ប្រទេស​នេះ​ធ្លាក់​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច។ ក្រុមបាតុករ​យល់ថា លោក Rajapaksa បានធ្វើ​ឱ្យមាន​កំហុស​ជាច្រើន​ដែលនាំឱ្យ​ប្រទេសជាតិ​ធ្លាក់​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច អតិផរណា​កើនឡើង​ខ្ពស់​ខ្លាំង និង​អស់​ទុនបម្រុង​ជា​រូបិយប័ណ្ណ​បរទេស៕

Leave a Reply

Your email address will not be published. Required fields are marked *