(សហរដ្ឋអាម៉េរិក)-Bellamy រស់នៅក្នុងរដ្ឋ Ohio បានដឹងខ្លួនឡើងវិញ ក្រោយពីសន្លប់បាត់ស្មារតីដោយសារតែត្រូវឃ្មុំពិឃាតអាហ្វ្រិក ទិច ២ ម៉ឺនទ្រនិច នៅពេលកំពុងឆ្ការមែកឈើ។
កំលោះជនជាតិអាម៉េរិក ឈ្មោះ Austin Bellamy កាលពីថ្ងៃទី ០២ កញ្ញា បានដឹងខ្លួនឡើងវិញ ក្រោយពីបានសន្លប់កាលពីព្រលប់ថ្ងៃទី ៣០ សីហា។ ប៉ុន្តែ Bellamy នៅមានបញ្ហាផ្លូវដង្ហើម និងមិនទាន់ងើបដើរបានដូចធម្មតានៅឡើយ បើទោះរបួសបានធូរស្រាលបន្តិចហើយក៏ដោយ។
Austin Bellamy ត្រូវឃ្មុំទិចនៅពេលកាប់ចំមែនឈើដែលមានសំបុកឃ្មុំពិឃាតអាហ្វ្រិក ពេលកំពុងត្រួសមែនឈើនៅក្បែរផ្ទះ ក្នុងតំបន់ Cincinnati រដ្ឋ Ohio សហរដ្ឋអាម៉េរិក ភ្លាមនោះស្រាប់តែត្រូវហ្វូងឃ្មុំឡោមព័ទ្ធ និងទិចយ៉ាងដំណំកាលពីល្ងាចថ្ងៃទី ៣០ សីហា។
អ្នកផ្ទះរបស់ Austin Bellamy ដែលនៅខាងក្រោមដើមឈើ មិនអាចជួយជនរងគ្រោះបាន ព្រោះថា ពួកគេក៏ត្រូវឃ្មុំទិចដូចគ្នា។
អ្នកស្រី Carters បានឱ្យដឹងថា Bellamy ត្រូវឃ្មុំទិចប្រហែល ២ ម៉ឺនទ្រនិច ក្នុងនោះមានប្រហែល ៣០ ទ្រនិចនៅក្នុងមាត់ ធ្វើឱ្យក្រុមវេជ្ជបណ្ឌិតត្រូវចំណាយពេលពេញ ១ ថ្ងៃ ទើបដកយកទ្រនិចចេញអស់។
ឃ្មុំពិឃាតអាហ្វ្រិក គឺជាប្រភេទឃ្មុំល្បីឈ្មោះនៅ សហរដ្ឋអាម៉េរិក ដោយសារតែ «ចរិតកោងកាច» របស់ពួកវា។ នៅពេលសំបុករបស់ពួកវារងការគំរាមកំហែង ហ្វូងឃ្មុំនៅក្នុងសំបុក និងនៅក្រៅសំបុក នឹងហោះសម្រុកចេញវាយប្រហារលើអ្នកឈ្លានពាន៕