យានអវកាស Voyager 1 ដែលស្ថិតនៅចម្ងាយ ២៣.៥ ពាន់លានគីឡូម៉ែត្រពីផែនដី បន្តបំពេញបេសកកម្មនៅតំបន់អវកាសអន្តរតារា បន្ទាប់ពី ណាសា បានដោះស្រាយបញ្ហាទាក់ទងនឹងម៉ាស៊ីនកុំព្យូទ័រ។
ក្រោយរយៈពេលច្រើនខែដែលបានផ្ញើទិន្នន័យសំរាមមកកាន់ស្ថានីយគ្រប់គ្រងនៅលើផែនដី យានអវកាស Voyager 1 របស់ ណាសា បានដំណើរការត្រឹមត្រូវឡើងវិញ និងបន្តផ្ញើទិន្នន័យច្បាស់លាស់ពីស្ថានភាពរបស់វានៅក្នុងតំបន់អន្តរតារា ដែលស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ នេះបើតាម Space ចុះផ្សាយកាលពីថ្ងៃទី ៣១ សីហា។
ណាសា បានប្រកាសអំពីបញ្ហានៅលើយានអវកាសដែលមានអាយុ ៤៥ ឆ្នាំ ជាលើកដំបូងកាលពីខែឧសភា ២០២២។ ក្រុមអ្នកជំនាញបានដឹងថា បញ្ហាស្ថិតនៅក្នុងប្រព័ន្ធ AACS ដែលជាប្រព័ន្ធអាចកំណត់ឱ្យអង់តែនរបស់វា បែរមកកាន់ផែនដី។
នៅពេលសង្ស័យថា Voyager 1 ប្រើប្រាស់កុំព្យូទ័រដែល «ងាប់» ក្រុមវិស្វកររបស់ ណាសា ក៏បានបញ្ជាឱ្យវាប្រើប្រាស់កុំព្យូទ័រមួយគ្រឿងផ្សេងទៀតដើម្បីអាចឱ្យ AACS រក្សាទំនាក់ទំនងជាមួយស្ថានីយគ្រប់គ្រងនៅលើផែនដី។
សូមបញ្ជាក់ថា រលកវិទ្យុដែលបញ្ជូនពីផែនដី នឹងត្រូវការពេលជិត ២២ ម៉ោង ដើម្បីទៅដល់យាន Voyager 1 ដែលជាយានអវកាសមួយគ្រឿងកំពុងស្ថិតនៅឆ្ងាយពីផែនដីប្រមាណ ២៣.៥ ពាន់លានគីឡូម៉ែត្រ និងកំពុងហោះចេញទៅឆ្ងាយថែមទៀត។
ណាសា បានបាញ់បង្ហោះ Voyager 1 និង Voyager 2 ឡើងទៅកាន់ទីអវកាសកាលពីឆ្នាំ ១៩៧៧ ក្នុងបំណងស្រាវជ្រាវពិភពនានានៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ។ Voyager 1 បានហោះឆ្លងកាត់ពិភពព្រហស្បតិ៍ និង ពិភពសៅរ៍ បន្ទាប់មកក៏បានហោះឆ្ពោះទៅកាន់តំបន់អន្តរតារា នៅឆ្នាំ ២០១២។ Voyager 2 សម្រេចបានគោលដៅនេះនៅឆ្នាំ ២០១៨៕