សហភាពអឺរ៉ុប (EU) នឹងផ្ដល់ថ្នាំគ្រាប់ potassium iodide ចំនួន ៥.៥ លានគ្រាប់ ទៅឱ្យ អ៊ុយក្រែន នៅពេលមានការប្រយុទ្ធគ្នានៅជុំវិញរោងចក្រអគ្គិសនី Zaporizhzhia ដែលបង្កប់នូវហានិភ័យនៃគ្រោះមហន្តរាយនុយក្លេអែរ។
គណកម្មការអឺរ៉ុប បានឱ្យដឹងថា បានទទួលសំណើស្ដីពីថ្នាំ potassium iodide ពី រដ្ឋាភិបាលអ៊ុយក្រែន រួចហើយ។ ថ្នាំ Potassium iodide គឺជាថ្នាំដែលអាចជួយឱ្យប្រជាជនទប់ទល់នឹងហានិភ័យរងឥទ្ធិពលពីវិទ្យុសកម្មក្នុងករណីកើតមានគ្រោះមហន្តរាយនុយក្លេអែរនៅរោងចក្រខាងលើ។
នៅពេលកើតមានគ្រោះមហន្តរាយនុយក្លេអែរ សារធាតុវិទ្យុសកម្ម iodine អាចសាយភាយទៅក្នុងខ្យល់ ហើយអាចត្រូវបានស្រូបចូលក្នុងរាងកាយមនុស្សតាមរយៈ ក្រពេញទីរ៉ូអ៊ីត នៅពេលដកដង្ហើម ឬតាមរយៈអាហារ។ ថ្នាំ potassium iodide នឹងទប់ស្កាត់ការស្រូបសារធាតុ iodine របស់ក្រពេញទីរ៉ូអ៊ីត និងកាត់បន្ថយហានិភ័យកើតជំងឺមហារីកនៅលើក្រពេញនេះ។
EU បញ្ជាក់ថា ការផ្ដល់ថ្នាំ potassium iodide ចំនួន ៥.៥ លានគ្រាប់នេះត្រូវបានចាត់ទុកថាជា «វិធានការទប់ស្កាត់» ដើម្បីបង្កើនខែលការពារសម្រាប់ប្រជាជននៅជុំវិញរោងចក្រផលិតអគ្គិសនីដើរដោយថាមពលនុយក្លេអែរ Zaporizhzhia ដែលស្ថិតក្នុងតំបន់គ្រប់គ្រងដោយ រុស្ស៊ី នៅភាគខាងត្បូងនៃ ប្រទេសអ៊ុយក្រែន៕