Skip to content

សហរដ្ឋ​អាម៉េរិក ត្រៀម​លក់​អាវុធ​តម្លៃ​ជាង ១ ពាន់​លាន​ដុល្លារ ឱ្យ កោះតៃវ៉ាន់

រដ្ឋាភិបាល​របស់លោក ចូ បៃ​ដិ​ន កំពុងតែ​រៀបចំ​ស្នើ​សភា អនុម័ត​គម្រោង​លក់​អាវុធ​តម្លៃ​ខ្ទង់ពាន់​លាន​ដុល្លារ​អាម៉េរិក ឱ្យ កោះ​តៃវ៉ាន់។

ប្រភពព័ត៌មាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​ចំនួន ៣ ដែល​ដឹង​ច្បាប់​អំពី​បញ្ហា​ខាងលើ កាលពី​ថ្ងៃទី ២៩ សីហា បានឱ្យដឹងថា រដ្ឋាភិបាល​របស់​ប្រធានាធិបតី បៃ​ដិ​ន មាន​ផែនការ​ស្នើឱ្យ​សភា​អនុម័ត​គម្រោង​លក់​អាវុធ​តម្លៃ ១.១ ពាន់​លាន​ដុល្លារ​ទៅឱ្យ តៃវ៉ាន់ នៅពេល​ស្ថានការណ៍​នៅ ច្រក​សមុទ្រ​តៃវ៉ាន់ កំពុង «ឡើង​កម្ដៅ​ខ្លាំង»។

សមាជិក​នានា​របស់​គ​ណ​កម្ម​ការ​កិច្ចការបរទេស នៅក្នុង​សភា​ជាន់​ទាប និង​ជាន់ខ្ពស់​របស់ សហរដ្ឋ​អាម៉េរិក នឹងត្រូវ​ធ្វើការ​អនុម័ត​គម្រោង​លក់​អាវុធ​ខាងលើនេះ មុនពេល​វា​ត្រូវបាន​អនុវត្ត។ គម្រោង​នេះ​ទំនងជា​នឹង​អាច​ឆ្លង​ផុត​សភា​ទាំងពីរ​របស់ សហរដ្ឋ​អាម៉េរិក ប៉ុន្តែ ដំណើរការ​នៃ​ការអនុម័ត​ប្រហែលជា​ត្រូវ​ចំណាយពេល​យូរ ដោយសារ​ថា សភា​អាម៉េរិក កំពុងស្ថិត​ក្នុង​រដូវ​វិស្សមកាល។

ប្រភពព័ត៌មាន​នានា​បានឱ្យដឹងថា គម្រោង​លក់​អាវុធ​ខាងលើនេះ​នឹង​រួមមាន មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង AGM-84L Harpoon Block II ដែល​បាញ់​ចេញពី​យន្តហោះ ចំនួន ៦០ គ្រាប់ តម្លៃ ៣៥៥ លាន​ដុល្លារ និង​មី​ស៊ី​ល​ការពារ​ដែនអាកាស AIM-9X Sidewinder Block II ១០០ គ្រាប់ តម្លៃ ៨៥.៦ លាន​ដុល្លារ រួម​នឹង​កញ្ចប់​អាវុធ​ដែល​ទាក់ទិន​នឹង​រ៉ា​ដា តម្លៃ ៦៥៥.៤ លាន​ដុល្លារ​ផងដែរ។

ក្រុមមន្ត្រី​នៅ ក្រសួងការបរទេស​អា​ម៉េ​រិ​ក បាន​បដិសេធ​ការអធិប្បាយ​អំពី​ព័ត៌មាន​ក្រៅផ្លូវការ​នេះ ខណៈដែល​តំណាង​សភា​ទាំងពីរ​របស់ សហរដ្ឋ​អាម៉េរិក ក៏​មិនទាន់មាន​ការឆ្លើយតប​នឹង​សំណួរ​ទាក់ទិន​នឹង​បញ្ហា​ខាងលើនេះ​នៅឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *