Skip to content

ម៉ាឡេស៊ី មានបំណង​បង្កើន​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​ការពារជាតិ ជាមួយ​ ប្រទេស​ថៃ

យោងតាម​មន្ត្រី​ការពារជាតិ​របស់ ម៉ាឡេស៊ី ក្រុមហ៊ុន​នានា​របស់​ប្រទេស​នេះ និង ប្រទេស​ថៃ អាច​សហការ​រកស៊ី​ក្នុង​វិស័យ​សេវាកម្ម​ថែទាំ និង​ជួសជុល​យន្តហោះ ឧស្សាហកម្ម​យន្តហោះ​គ្មាន​មនុស្ស​បើកបរ និង​អាវុធ។

កាលពី​ថ្ងៃទី ២៨ សីហា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ ប្រទេស​ថៃ អគ្គលេខាធិការ​នៃ ក្រសួងការពារជាតិ​ម៉ាឡេស៊ី Datuk Seri Muez Abd Aziz បាន​លើកឡើងថា ម៉ាឡេស៊ី មានបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​ផ្នែក​ការពារជាតិ​ជាមួយ ប្រទេស​ថៃ ក្នុងនោះ​ក៏​នឹងមាន​ការផលិត​សម្ភារ​យោធា ដើម្បី​ជំរុញ​វិស័យ​ឧស្សាហកម្ម​ការពារជាតិ​របស់​ប្រទេស​នេះ។

អគ្គលេខាធិការ​នៃ ក្រសួងការពារជាតិ​ម៉ាឡេស៊ី បញ្ជាក់ថា ក្នុង​ខែតុលា ប្រទេស​នេះ​នឹង​ប្រកាស​អំពី​គោលនយោបាយ​សម្រាប់​ឧស្សាហកម្ម​ការពារជាតិ និង​សន្តិសុខ (DIPKN)។ ដូច្នេះ ម៉ាឡេស៊ី ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​រៀនសូត្រ​ពី ប្រទេស​ថៃ ជា​ប្រទេស​ដែលមាន​បទពិសោធន៍​ច្រើន​ក្នុង​វិស័យ​ការពារជាតិ។

ទន្ទឹមនឹងនេះ មន្ត្រី​របស់ ម៉ាឡេស៊ី ខាងលើ ក៏បាន​ឱ្យដឹងថា បណ្ដា​ក្រុមហ៊ុន​របស់ ម៉ាឡេស៊ី និង ថៃ អាច​សហការ​រកស៊ី​ក្នុង​វិស័យ​ការពារជាតិ​ដូចជា សេវាកម្ម​ថែទាំ ជួសជុល​យន្តហោះ ការផលិត​យន្តហោះ​គ្មាន​មនុស្ស​បើកបរ និង​ការផលិត​អាវុធ​ជាដើម។

បច្ចុប្បន្ន អគ្គលេខាធិការ​នៃ ក្រសួងការពារជាតិ​ម៉ាឡេស៊ី Datuk Seri Muez Abd Aziz កំពុងតែ​បំពេញ​ទស្សនកិច្ច​នៅ ប្រទេស​ថៃ។ ដំណើរ​ទស្សនកិច្ច​នេះ​ផ្ដោត​សំខាន់​ទៅលើ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជួបពិភាក្សា​ជាមួយ​ក្រុមមន្ត្រី​ការពារជាតិ​របស់ ប្រទេស​ថៃ និង​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​របស់ Chaiseri Defence Co Ltd ដែលជា​ក្រុមហ៊ុន​ការពារជាតិ គ្រប់គ្រង​ដោយ ក្រសួងការពារជាតិ​ថៃ មាន​ជំនាញ​ខាង​ផលិត​យានយន្ត​យោធា​សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ជាង ៤០ ក្នុង​ពិភពលោក៕

Leave a Reply

Your email address will not be published. Required fields are marked *