Boeing ប្រកាស​ពី​ជើងហោះហើរ​ដឹក​មនុស្ស​ទៅកាន់​អវកាស​ជា​លើកដំបូង

ក្រុមហ៊ុន​ផលិត​យន្តហោះ​លំដាប់​កំពូល​ពិភព​លក Boeing កាលពី​ថ្ងៃទី ២៥ សីហា បាន​បង្ហើប​ឱ្យដឹងថា ក្រុមហ៊ុន​នេះ​អាច​នឹង​បំពេញបេសកកម្ម​ដឹក​មនុស្ស​ជា​លើកដំបូង​ឡើងទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) នៅក្នុង​ខែកុម្ភៈ ២០២៣។

ចាប់ពី​ឆ្នាំ ២០២០ អ្នក​អវកាស​អាម៉េរិក អាច​ឡើងទៅ​កាន់ ISS តាមរយៈ​យានអវកាស​របស់​ក្រុមហ៊ុន SpaceX ប៉ុន្តែ ទីភ្នាក់ងារ​អវកាស​អាម៉េរិក ណា​សា (NASA) នៅតែ​ចង់​បន្ថែម​ជម្រើស​ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកទៅលើ​ប្រព័ន្ធ​បាញ់​បង្ហោះ​របស់ រុស្ស៊ី។

ណា​សា កំពុងតែ​សហការ​ជាមួយ Boeing ដើម្បី​អភិវឌ្ឍ «តាក់ស៊ី​អវកាស» ដែល​ត្រូវបាន​ដាក់ឈ្មោះថា Starliner ក្នុង​គោលដៅ​បញ្ជូន​មនុស្ស​ទៅកាន់​ទី​អវកាស ១ លើក/ឆ្នាំ។

«បច្ចុប្បន្ន យើង​កំពុង​កំណត់​ថ្ងៃ​បាញ់​បង្ហោះ​យ៉ាង​ឆាប់​ត្រឹម​ខែកុម្ភៈ ២០២៣» Steve Stich ប្រធាន​កម្មវិធី​ហោះហើរ​ពាណិជ្ជកម្ម​របស់ ណា​សា ឱ្យដឹង​ដូច្នេះ។

យោងតាម Mark Nappi ប្រធាន​កម្មវិធី Starliner របស់ Boeing បេសកកម្ម​ដឹក​មនុស្ស​ដំបូង​របស់ Starliner ដែលមាន​ឈ្មោះថា CFT នឹង​ដឹក​អ្នក​អវកាស ២ រូប​របស់ សហរដ្ឋ​អាម៉េរិក គឺ Barry Wilmore និង Sunita Williams ឡើងទៅ​កាន់ ISS ហើយ​ក្រោយមក​ត្រលប់​មកកាន់​ផែនដី និង​ចុះចត​ដោយ​ឆត្រយោង។

ដូច​ទៅនឹង​ការហោះហើរ​សាកល្បង​គ្មាន​មនុស្ស​បើកបរ​កន្លងមក Starliner នឹង​នៅតែ​ប្រើប្រាស់​រ៉ុក្កែត Atlas V របស់ សហរដ្ឋ​អាម៉េរិក ដើម្បី​នាំ​មនុស្ស​ឡើងទៅ​កាន់ស្ថានីយអវកាស​អន្តរ​ជាតិ៕

Leave a Comment