កងទ័ពសហរដ្ឋអាម៉េរិក និងកងទ័ពកូរ៉េខាងត្បូង បានបញ្ចប់សមយុទ្ធយោធារួមគ្នាក្នុងថ្ងៃទី ២៥ ខែសីហាកន្លងទៅ។
សមយុទ្ធយោធាដែលមានឈ្មោះថា Buddy Wing ខាងលើត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ២៣ ដល់ ២៥ សីហា។ នេះគឺជាសមយុទ្ធមួយដែលភ្ជាប់ពីសមយុទ្ធ Freedom Shield (ខែលការពារសេរីភាព) របស់កងទ័ពអាម៉េរិក និងកូរ៉េខាងត្បូង។
កងទ័ពសហរដ្ឋអាម៉េរិក បានបញ្ជូនយន្តហោះចម្បាំង F-16 និងអ្នកជំនាញផ្នែកយោធាជាង ៤០ នាក់ ចូលរួមសមយុទ្ធយោធាជាមួយទ័ពអាកាសរបស់ កូរ៉េខាងត្បូង ក្នុងនោះ កូរ៉េខាងត្បូង ប្រើប្រាស់យន្តហោះចម្បាំង KF-16។ យន្តហោះចម្បាំងសរុបដែលត្រូវបានប្រើប្រាស់ក្នុងសមយុទ្ធរួមគ្នានេះគឺមានជាង ១០ គ្រឿង។
ដោយបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៧ Buddy Wing គឺជាសមយុទ្ធមួយក្នុងចំណោមសមយុទ្ធថ្នាក់វរសេនាតូចសម្រាប់ក្រុមអ្នកបើកបរយន្តហោះចម្បាំងរបស់ ទ័ពអាកាសអាម៉េរិក និង កូរ៉េខាងត្បូង ក្នុងបំណងពង្រឹងសមត្ថភាពប្រយុទ្ធលើអាកាស និងការសហការក្នុងសមរភូមិ៕