យន្តហោះ​ដឹក​អ្នក​ដំណើរ​​ជិត ២០០ នាក់ ឆេះម៉ាស៊ីន​ពេល​កំពុង​ហោះហើរ

(ម៉ិកស៊ិក)-យន្តហោះរបស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ម៉ិកស៊ិក Viva Aerobus ត្រូវ​ចុះ​ចត​បន្ទាន់​នៅ​ពេល​កំពុង​ហោះ​ទៅ​កាន់ Los Angeles ដោយ​សារ​តែ​ឆេះ​ម៉ាស៊ីន​ខាង​ស្ដាំ​ បន្ទាប់​ពី​បាន​ហោះ​ឡើង​។

កាលពី​ព្រលប់​ថ្ងៃទី ២៣ សីហា ​យន្តហោះ Airbus A320 របស់​ក្រុមហ៊ុន​ Viva Aerobus ​ដែល​ចេញ​ដំណើរ​ពី​ទីក្រុង Guadalajara ប្រទេស​ម៉ិកស៊ិក ឆ្ពោះ​ទៅ​កាន់ Los Angeles សហរដ្ឋ​អាម៉េរិក ដឹក​មនុស្ស​ ១៨៦ នាក់​។

ក្រោយ​ពី​ហោះ​ឡើង​បាន​ប្រហែល ១០ នាទី អ្នក​ដំណើរ​បាន​ឮ​សូរ​សំឡេង​ផ្ទុះ និង​ឃើញ​កម្ទេច​ភ្លើង និង​អណ្ដាត​ភ្លើង​បាញ់​ចេញ​ពី​ម៉ាស៊ីន​ផ្នែក​ខាង​ស្ដាំង​របស់​យន្តហោះ​។ អ្នក​ដំណើរ​ស្រែក​ប្រាប់​ក្រុម​ហោះ​ហើរ​នៅ​ពេល​យន្ត​ហោះ​កំពុង​ស្ថិត​នៅ​លើ​កម្ពស់ ៤,០០០ ម៉ែត្រ​។ យន្តហោះ​ក៏​ត្រូវ​បាន​បង្វែរ​ក្បាល​ហោះ​ត្រលប់​ក្រោយ​ និង​ចុះ​ចត​ដោយ​សុវត្ថិភាព​នៅ Guadalajara។

ថ្វីបើ​ហេតុការណ៍​នេះ​មិនបាន​បណ្ដាលឱ្យ​អ្នកណាម្នាក់​រងរបួស ប៉ុន្តែ វា​បានធ្វើឱ្យ​អ្នកដំណើរ​ភ័យ​ស្លន់ស្លោ។ អ្នកដំណើរ​ខ្លះ​យំ ខ្លះ​ស្រែក​ដោយ​រន្ធត់ និង​ខ្លះទៀត​បួស​សួង​សុំ​សេចក្ដីសុខ​សុវត្ថិភាព។

មួយថ្ងៃ​ក្រោយពី​ហេតុការណ៍​បានកើត​ឡើង ក្រុមហ៊ុន Viva Aerobu បាន​ប្ដូរ​យន្តហោះ​ផ្សេង​ដើម្បី​ដឹក​អ្នកដំណើរ​ទាំងនោះ​ទៅកាន់ Los Angeles។

ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ​ឱ្យដឹង កម្ទេច​ភ្លើង និង​អណ្ដាតភ្លើង​ដែល​បាញ់​ចេញពី​ម៉ាស៊ីន​របស់​យន្តហោះ​នេះ​គឺ​កើតឡើង​ដោយសារ​ការ​កកិត​រវាង​លោហធាតុ ហើយ​ថា កំពុងតែ​ស្រាវជ្រាវ​រក​មូលហេតុ៕

Advertisement