ក្រុមអ្នកតារាសាស្ត្របានរកឃើញពិភពមួយដែលទំនងជាមានទឹកគ្របដណ្ដប់ទាំងស្រុង ចម្ងាយពីពិភពផែនដីប្រមាណ ១០០ ឆ្នាំពន្លឺ។
ពិភព TOI-1452 b គោចរជុំវិញព្រះអាទិត្យរបស់វានៅក្នុងប្រព័ន្ធផ្កាយភ្លោះស្ថិតក្នុងកញ្ចុំផ្កាយ Draco។ ក្នុងការស្រាវជ្រាវដែលបានប្រកាសលើទស្សនាវដ្ដីតារាសាស្ត្រកាលពីថ្ងៃទី ១២ សីហា អ្នកស្រាវជ្រាវរាប់សិបនាក់មកពីវិទ្យាស្ថាននានានៅទូទាំងពិភពលោក បានបញ្ជាក់អំពីវត្តមានរបស់ TOI-1452 b តាមរយៈការប្រើប្រាស់ផ្កាយរណបសង្កេតភពដែលនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ TESS ក៏ដូចជាស្ថានីយសង្កេត Mont-Megantic នៅ ប្រទេសកាណាដា និងតេឡេស្កុប MuSCAT3 នៅ Hawaii។
ភពថ្មីដែលទើបតែបានរកឃើញនេះ ត្រូវគេអះអាងថា ធំជាងប្រហែល ៧០% និងធ្ងន់ជាងជិត ៥ ដង បើធៀបនឹងផែនដីរបស់មនុស្ស។ TOI-1452 b វិលជុំវិញផ្កាយមេ ១១ ថ្ងៃក្នុង ១ ជុំ និងត្រូវបានគេជឿថា មានសីតុណ្ហភាពល្មម។ ផ្កាយមេ និងផ្កាយ ១ ដួងផ្សេងទៀត វិលជុំវិញគ្នាក្នុងគម្លាតឆ្លាយជាង ២.៥ ដង ធៀបនឹងរយៈចម្ងាយពីផែនដីទៅកាន់ភពភ្លុយតូ (Pluto)។
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញភ័ស្ដុតាងបង្ហាញថា TOI-1452 b គឺជាភពដែលមានទឹកគ្របដណ្ដប់ នេះបើតាម Charles Cadieux ដែលជាប្រធានក្រុមស្រាវជ្រាវលើ TOI-1452 b។
លទ្ធផលនៃការស្រាវជ្រាវបង្ហាញថា ទឹកមានចំណែកប្រមាណ ៣០% នៃទម្ងន់សរុបរបស់ TOI-1452 b ដែលនេះស្រដៀងទៅនឹងព្រះចន្ទមួយចំនួននៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់មនុស្ស ដូចជា Titan និង Ganymede ជាដើម។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីបញ្ជាក់ឱ្យបានប្រាកដថា TOI-1452 b ពិតជាមានទឹក ឬអត់ ក្រុមអ្នកវិទ្យាសាស្ត្រត្រូវការសង្កេតបន្ថែមដោយប្រើប្រាស់កែវយឹតអវកាស James Webb។ ក្រុមអ្នកស្រាវជ្រាវកំពុងព្យាយាមដាក់កក់កាលបរិច្ឆេទប្រើប្រាស់ James Webb ដើម្បីសង្កេតមើលភពនេះឱ្យបានច្បាស់ នៅពេលឆាប់ៗខាងមុខ៕