អ្នកដំណើររាប់រយនាក់ត្រូវជាប់ជាច្រើនម៉ោងនៅក្នុងផ្លូវរូងក្រោមច្រកសមុទ្រ Manche ចន្លោះ ប្រទេសបារាំង និង អង់គ្លេស ដោយសារតែរថភ្លើងខូចកណ្ដាលផ្លូវ។
Gettlink ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្លូវដែកភ្ជាប់ពីភាគខាងជើងនៃ ប្រទេសបារាំង ទៅនឹងភាគអាគ្នេយ៍របស់ ប្រទេសអង់គ្លេស បានឱ្យដឹងថា អ្នកដំណើរ ៤០០ នាក់ មកពី ប្រទេសបារាំង ទៅកាន់ អង់គ្លេស ត្រូវចុះដើរចាកចេញពីរថភ្លើង បន្ទាប់ពីរថភ្លើងនេះជួបបញ្ហានៅក្នុងផ្លូវរូងក្រោមច្រកសមុទ្រ Manche កាលពីម្សិលមិញ (២៤ សីហា)។
Sarah Fellows ជាអ្នកដំណើរម្នាក់មានអាយុ ៣៧ ឆ្នាំ បានប្រាប់ថា នេះជាហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចជាទីបំផុត ហើយ «ទិដ្ឋភាពដូចទៅនឹងឈុតឆាកទីបញ្ចប់នៃពិភពលោកក្នុងខ្សែភាពយន្ត។ យើងដើរទៅកាន់ជ្រោះជ្រៅដោយមិនដឹងច្បាស់ថាមានរឿងអ្វីកើតឡើង។ គ្រប់គ្នាស្ថិតនៅក្រោមសមុទ្រ។ ស្ត្រីម្នាក់ស្រែកយំក្នុងផ្លូវរូងក្រោមដី ចំណែកម្នាក់ទៀតភ័យស្លន់ស្លោដោយសារតែដើរម្នាក់ឯង» នាង Sarah Fellows រៀបរាប់អំពីអ្វីដែលបានកើតឡើងនៅក្នុងហេតុការណ៍រថភ្លើងក្រោមដីមានបញ្ហាខាងលើ។
អ្នកដំណើរម្នាក់ឈ្មោះ Michael Kent ឱ្យដឹងថា គ្រប់គ្នាជាប់ក្នុងរថភ្លើងក្រោមដីនេះជាច្រើនម៉ោង មុនពេលត្រូវបានឈ្លៀស និងបានចែករំលែករូបភាពបង្ហាញថា មនុស្សម្នាកំពុងរង់ចាំរាប់ម៉ោងខាងក្នុងរថភ្លើង និងដើរតាមបណ្ដោយផ្លូវរូងក្រោមដី មុនពេលបានឡើងរថយន្តក្រុងត្រលប់ទៅកាន់ស្ថានីយរថភ្លើង Folkestone នៅ ប្រទេសអង់គ្លេស។
ប្រព័ន្ធផ្លូវរូងក្រោមដីឆ្លងកាត់ច្រកសមុទ្រ Manche ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ ១៩៩៤ មាន រួមមាន ២ ខ្សែ ក្នុងនោះផ្លូវរូង ១ ខ្សែសម្រាប់រថភ្លើង និង ១ ខ្សែទៀតសម្រាប់សេវាកម្មផ្សេងៗ ហើយ ១ ខ្សែៗមានប្រវែង ៥០ គីឡូម៉ែត្រ។ កំណាត់ផ្លូវរូងក្រោមសមុទ្រមានប្រវែងប្រមាណ ៣៨.៦ គីឡូម៉ែត្រ ដែលជាផ្លូវរូងក្រោមសមុទ្រវែងជាងគេបង្អស់ក្នុងពិភពលោក។