សេតវិមាន ត្រៀមប្រកាសកញ្ចប់ជំនួយយោធាតម្លៃរាប់ពាន់លានដុល្លារ ដល់ អ៊ុយក្រែន ដែលនេះគឺជាខ្ទង់ជំនួយធំបំផុតក្នុងរយៈពេល ៦ ខែមកនេះ។
មន្ត្រីជាន់ខ្ពស់របស់ សហរដ្ឋអាម៉េរិក សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា សេតវិមាន គ្រោងនឹងប្រកាសកញ្ចប់ជំនួយសន្តិសុខថ្មីតម្លៃ ៣ ពាន់លានដុល្លារ ដល់ អ៊ុយក្រែន យ៉ាងឆាប់នៅក្នុងថ្ងៃនេះ ជាថ្ងៃដែល អ៊ុយក្រែន ប្រារព្ធទិវាឯករាជ្យជាតិ។ នេះនឹងជាខ្ទង់ជំនួយផ្នែកយោធាធំបំផុតសម្រាប់ ទីក្រុងកៀវ រាប់ចាប់តាំងពី ទីក្រុងមូស្គូ បានបើកយុទ្ធនាការយោធានៅ អ៊ុយក្រែន កាលពី ៦ ខែមុន។
មន្ត្រីជាន់ខ្ពស់របស់ សហរដ្ឋអាម៉េរិក បាននិយាយថា ជំនួយលើកនេះនឹងផ្ដោតសំខាន់ទៅលើគ្រាប់រំសេវ និងប្រព័ន្ធការពារគ្រាប់។
មុននោះ សហរដ្ឋអាម៉េរិក បានផ្ដល់ជំនួយផ្នែកយោធាប្រមាណ ១០.៦ ពាន់លានដុល្លារ ដល់ អ៊ុយក្រែន ដើម្បីទប់ទល់នឹង រុស្ស៊ី រាប់ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី ២៤ កុម្ភៈ ២០២២។