Skip to content

ក្រោយ​ពី​ត្រូវ​បាន​រំដោះ​ចេញ​ពី​កាស៊ី​ណូ​នៅ កម្ពុជា នារី​​តៃវ៉ាន់ រូប​នេះ រៀបរាប់​ដំណើរ​រឿង​ដែល​នាង​បាន​ឆ្លង​កាត់​

បន្ទាប់ពី​បង្ហោះ​សារ​ស្វែងរក​ការងារ​លើ Facebook នារី​ចិនតៃវ៉ាន់ ម្នាក់ ឈ្មោះ Yu Tang ត្រូវបាន​ស្ត្រី​ម្នាក់​សុំ​ស្គាល់ និង​អញ្ជើញ​ឱ្យ​ចេញទៅ​បរទេស​ដើម្បី​ធ្វើជា​អ្នកឆ្លើយ​ឆ្លងតាម​អ៊ី​ន​ធើ​ណិ​ត ជួយ​សម្រួល​ដល់​អតិថិ​ជន​នៅក្នុង​បន​ល្បែង​អន​ឡាញ ឬ​ហៅថា កាស៊ីណូ​អន​ឡាញ។

Yu Tang ដែលជា​នារី​ម្នាក់​រស់នៅ​លើ កោះ​តៃវ៉ាន់ បានឱ្យដឹងថា ស្ត្រី​ជនជាតិ​តៃវ៉ាន់ ម្នាក់ កាលពី​ខែមេសា ២០២២ បាន​ណែនាំ​ឱកាស​ការងារ​ក្នុង​វិស័យ​ហ្គេម​អន​ឡាញ និង​កាស៊ីណូ​នៅ​បរទេស​ដល់​នាង។ ស្ត្រី​រូបនេះ​សន្យាថា ជួយ​បង់ថ្លៃ​សំបុត្រ​យន្តហោះ​ទាំង​ទៅ​ទាំង​មកដល់​នាង បើសិន​មិន​ពេញ​ចិត្តនឹង​ការងារ ហើយ​ថែមទាំង​សុំ​ជួប​ផ្ទាល់​ដើម្បី​ចរចា។

Yu Tang យល់ព្រម​ទទួលយក​ការងារ បន្ទាប់ពី​បាន​ជួបចរចា​គ្នា ហើយ​ក្រោយមក នាង​ក៏​ត្រូវបាន​នាំទៅ​កាន់​ព្រលានយន្តហោះ ជា​កន្លែង​ដែល​នាង​បាន​ជួប​មនុស្ស​ជាច្រើន​ដែលមាន​ស្ថានភាព​ដូច​នាង។ ពួកគេ​បានធ្វើ​ដំណើរ​មកកាន់ ភ្នំពេញ។ ក្រុមមនុស្ស​ចេញមក​ទទួល​ដែល​ហៅ​ខ្លួនឯង​ថា​ជា «ក្រុមហ៊ុន​ទេសចរណ៍ ប៉ុន្តែ មើលរូប​រាង​ដូច​ទៅនឹង​ក្រុមសង្គមងងឹត» នាង Yu Tang រៀបរាប់។

ពួកគេ​រក្សា​លិខិតឆ្លងដែន​របស់​ក្រុម​ដែលមាន Yu Tang ដោយ​ប្រាប់ថា ដើម្បី​ទិញ​ស៊ីម​កាត ប៉ុន្តែ ក្រោយមក​ក៏​នៅតែ​មិន​ព្រម​សង​មកវិញ។

នាង Yu Tang បន្តថា «ពេលនោះ ពួកយើង​សង្ស័យថា ត្រូវគេ​នាំមក​លក់។ ខ្ញុំ​ដឹងថា បើ​ចង់​សុំ​ជំនួយ ខ្ញុំ​ត្រូវតែមាន​ស៊ីម​កាត»។ រាល់​ទិន្នន័យ​ដែល​កត់ត្រា​អំពី​ការជជែក​ជាមួយ​ក្រុម​មេខ្យល់ សុទ្ធតែ​ត្រូវ​ក្រុម​អ្នកគ្រប់គ្រង​នៅ កម្ពុជា លុបចោល។ Yu និង​អ្នករួមដំណើរ ត្រូវបាន​នាំទៅ​កាន់​កាស៊ីណូ​នៅ ក្រុងព្រះសីហនុ។

នៅទីនេះ ក្រុម​អ្នកគ្រប់គ្រង​ប្រកាសថា ពួកគេ​ត្រូវតែ​ចូលរួម​ក្នុង​បណ្ដាញ​ឆបោក​អន​ឡាញ​តាម​ទូរស័ព្ទ ក៏ដូចជា​ត្រូវ​រក​ឱ្យបាន​មនុស្ស​ម្នាក់ទៀត​មក​ជំនួស​ដើម្បី​ជាការ​បង់ថ្លៃ ១៧,០០០ ដុល្លារ​អាម៉េរិក បើសិន​ចង់​មាន​សេរីភាព។ Yu បានឱ្យដឹងថា មនុស្សម្នា​ក់បាន​ជំទាស់​ត្រូវគេ​វាយ​ដល់​សន្លប់ ហើយ​មកដល់ពេលនេះ​នៅតែ​ស្ថិតក្នុង​បញ្ជី​ស្ដីពី ជនជាតិ​តៃវ៉ាន់ ដែល​បាន​បាត់​ខ្លួន។

Yu រក​ទិញ​ស៊ីម​កាត់​បាន​មួយ និង​ចាប់ផ្ដើម​ស្វែងរក​ព័ត៌មាន​ទាក់ទង​នឹង​សកម្មភាព​ជួញដូរ​មនុស្ស។ នាង​រក​វិធី​ទាក់ទង​តាម Facebook ជាមួយ​អ្នកនយោបាយ​មួយក្រុម​នៅក្នុង​តំបន់ ដើម្បី​សុំ​ជំនួយ។ នេះ​បើ​តាម​ទីភ្នាក់​ងារ​សារព័ត៌មាន The Guardian។

មួយថ្ងៃ​ក្រោយមក ក្រុមប៉ូលិស និង​ទាហាន​បាន​ទៅដល់​កាស៊ីណូ​ទទួល​នាង។ Yu Tang ចោទថា ម្ចាស់​កាស៊ីណូ​បានស្នើ​បង់ប្រាក់​ឱ្យ​ក្រុមមន្ត្រី​នោះ ជា​ថ្នូរ​នឹង «ការធ្វើ​មិនដឹង មិនឮ» ប៉ុន្តែ ត្រូវបាន​បដិសេធ។ នាង​ក៏​ត្រូវបាន​រំដោះ និង​បាន​បញ្ជូន​ត្រលប់​មកកាន់ កោះ​តៃវ៉ាន់ វិញ។

ប៉ូលិស​តៃវ៉ាន់ ចិនដីគោក ហុងកុង ម៉ា​កាវ កម្ពុជា និង​ប្រទេស​ដែល​ពាក់ព័ន្ធ កំពុងតែ​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ដើម្បី​រំដោះ​ជនរងគ្រោះ និង​ចាប់ខ្លួន​ក្រុម​ជួញដូរ​មនុស្ស។

ប៉ូលិស​តៃវ៉ាន់ ឱ្យដឹងថា ជនជាតិ​តៃវ៉ាន់ រាប់រយ​នាក់ ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ​ដែល​ត្រូវ​ឃុំខ្លួន និង​រំលោភ​កម្លាំង​ពលកម្ម​នៅក្នុង​បណ្ដាញ​ឆបោក​តាម​អ៊ី​ន​ធើ​ណិ​ត​នៅ អាស៊ីអាគ្នេយ៍។ ក្រុម​សង្គម​ង​ងិ​ត​នេះ ធ្វើ​សកម្មភាព​បោកប្រាស់ ដោយ​ការ​សន្យាថា នឹង​ផ្ដល់​កន្លែង​ស្នាក់នៅ ប្រាក់ខែ​ខ្ពស់​ជាដើម នៅក្នុង​ប្រទេសមួយ​ចំនួន​នៅ អាស៊ីអាគ្នេយ៍។ ពេលទៅដល់​កន្លែង ក្រុម​នេះ​តែង​ប្រមូលយក​ឯកសារសំខាន់ៗរបស់​ជនរងគ្រោះ និង​លក់​ទៅឱ្យ​ក្រុម​សង្គម​ង​ងិ​ត​ដទៃ។

មន្ត្រី​តៃវ៉ាន់ ឱ្យដឹងថា ជនជាតិ​តៃវ៉ាន់ ជិត ៥,០០០ នាក់ ដែល​បានមក កម្ពុជា រហូតមក​ទល់នឹង​ពេលនេះ មិនទាន់​ត្រលប់​ទៅកាន់ តៃវ៉ាន់ នៅឡើយ។

Yu Tang ឱ្យដឹងថា នាង​បានឃើញ​យ៉ាងហោច ៥០ នាក់ ត្រូវ​ឃុំ​នៅក្នុង​ការិយាល័យ​ដែល​នាង​ធ្វើការ និង​រស់នៅ។ មនុស្ស​ជាច្រើន​ត្រូវ​បង្ខំចិត្ត​ចុះកិច្ចសន្យា​ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច​កម្ពុជា បង្ការ​មាន​អ្នក​មក​សួរ​អំពី​ស្ថានភាព​អ្នក​ដែល​ស្នាក់​នៅក្នុង​អគារ​របស់​ពួកគេ។

ក្រោយពី​បាន​ត្រលប់​ទៅដល់ តៃវ៉ាន់ Yu Tang តែងតែ​ទាក់ទង​ទៅកាន់​ក្រុមគ្រួសារ​ជនរងគ្រោះ និង​ក្រុមមនុស្ស​ដែល​អាចជា​ជនរងគ្រោះ​កំពុង​ស្វែងរក​ជំនួយ ក៏ដូចជា​សហការ​ជាមួយ​សមត្ថកិច្ច។ មកដល់​បច្ចុប្បន្ន Yu បាន​ជួយ​ឱ្យ​មនុស្ស ៨ នាក់ ត្រលប់មក តៃវ៉ាន់។

យ៉ាងហោច​មាន ៤៦ នាក់ បាន​ត្រលប់​ទៅកាន់ តៃវ៉ាន់ ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ។ មនុស្ស​មួយចំនួន​បាន​រាយការណ៍​ថា ពួកគេ ឬ​អ្នកផ្សេង​ត្រូវគេ​បង្ខំ​ឱ្យ​ចុះកិច្ចសន្យា ត្រូវគេ​វាយដំ រំលោភបំពាន ត្រូវ​បង្អត់អាហារ និង​ត្រូវគេ​គំរាម​ជា​ញឹកញាប់។ ជនរងគ្រោះ​ខាងលើ​និយាយថា ក្រុម​ជួញដូរ​មនុស្ស​ភាគច្រើន​គឺជា ជនជាតិ​តៃវ៉ាន់ ចិនដីគោក និង ថៃ។

នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គស្នងការ​នគរបាល​ជាតិ​ស្តីទី បានឱ្យដឹងថា អាជ្ញាធរ​កម្ពុជា បាន​បំបែក​ផែនការ​បោកប្រាស់​តាម​អន​ឡាញ​ដែល​សំដៅលើ​ពលករ​បរទេស និង​បាន​ចាប់ខ្លួន​ជនជាតិ​ចិន និង តៃវ៉ាន់ រាប់រយ​នាក់​នាពេល​កន្លង។

កាលពី​ចុង​សប្ដាហ៍​មុន ក្រសួងមហាផ្ទៃ​កម្ពុជា ក៏បាន​ប្រកាស​បើក​យុទ្ធនាការ​ស្រាវជ្រាវ​ទូទាំងប្រទេស ទាក់ទិន​នឹង​ស្ថានភាព​ជនបរទេស​ដែល​ធ្វើការ ឬ​រស់នៅក្នុង​សណ្ឋាគារ ផ្ទះជួល និង​កាស៊ីណូ​ជាដើម ដើម្បី​តាមរក​ជនល្មើស​ក្នុង​បណ្ដាញ​ជួញដូរ​មនុស្ស៕

Leave a Reply

Your email address will not be published. Required fields are marked *