Skip to content

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប្រកាសថា សង្គ្រាម​នឹងត្រូវ​បញ្ចប់​នៅ ឧបទ្វីប​គ្រី​មៀ

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី បានប្រកាស​ជាថ្មី​ថា​នឹង​ដណ្ដើម គ្រី​មៀ មកវិញ តាម​គ្រប់​មធ្យោបាយ​ទាំងអស់​ដែល ទីក្រុង​កៀវ យល់ថា ត្រឹមត្រូវ» ហើយ​សង្គ្រាម​នេះ​នឹង​បញ្ចប់​នៅ ឧបទ្វីប​គ្រី​មៀ (Crimea)។

«យើង​នឹង​ដណ្ដើមយក គ្រី​មៀ ដែលជា​ទឹកដី​របស់​យើង ត្រលប់​មកវិញ ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ដែល​យើង​យល់ថា ត្រឹមត្រូវ ហើយ​​មិនបាច់​សុំ​យោបល់​ពី​ប្រទេស​ដទៃ» ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ថ្លែង​នៅក្នុង​សន្និសីទ «មូលដ្ឋាន​គ្រី​មៀ» កាលពី​ថ្ងៃទី ២៣ សីហា។

សន្និសីទ​ខាងលើ​មានការ​ចូលរួម​របស់​តំណាង​ប្រទេស និង​អង្គការ​អន្តរជាតិ​ចំនួន ៦០ ដែល​រៀបចំឡើង​ដោយ អ៊ុយ​ក្រែ​ន ដើម្បី​ជាការ​គាំទ្រ​ដល់​ការប្រកាស​អធិបតេយ្យភាព​របស់ ទីក្រុង​កៀវ ចំពោះ ឧបទ្វីប​គ្រី​មៀ។ យោងតាម​លោក ហ្សេ​ឡែ​ន​ស្គី អ៊ុយ​ក្រែ​ន មាន​កម្លាំង​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​ធ្វើឱ្យ​គំនិត​ស្ដីពី «គ្រី​មៀ ជា​របស់ អ៊ុយ​ក្រែ​ន» ក្លាយជា​ការពិត។

លោក ហ្សេ​ឡែ​ន​ស្គី បញ្ជាក់​ជាថ្មី​ថា «យើង​ត្រូវតែ​រំដោះ គ្រី​មៀ…គ្រប់យ៉ាង​ចាប់ផ្ដើម​នៅ គ្រី​មៀ ហើយនឹង​ត្រូវតែ​បញ្ចប់​នៅ គ្រី​មៀ»។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ថ្លែងថា «ចាប់តាំងពី​ថ្ងៃទី ២៤ កុម្ភៈ រុស្ស៊ី បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ ៧៥០ គ្រាប់ ចេញពី គ្រី​មៀ សំដៅលើ​ទីក្រុង​នា​ន​របស់ អ៊ុយ​ក្រែ​ន»។ ឧបទ្វីប​គ្រី​មៀ ដែល​ត្រូវបាន រុស្ស៊ី រឹបអូស​កាលពី​ឆ្នាំ ២០១៤ តាមរយៈ​ការធ្វើប្រជាមតិ ស្ថិតនៅ​ជាប់​នឹង​ខេត្ត Kherson ភាគខាងត្បូង​របស់ អ៊ុយ​ក្រែ​ន ដែល​បច្ចុប្បន្ន​ត្រូវ រុស្ស៊ី គ្រប់គ្រង៕

Leave a Reply

Your email address will not be published. Required fields are marked *