Skip to content

ឆេះ និង​ផ្ទុះ​ឃ្លាំង​អាវុធ​របស់ រុស្ស៊ី នៅក្បែរ​ព្រំដែន​ជាប់​ជាមួយ អ៊ុយ​ក្រែ​ន

ឃ្លាំង​ដាក់អាវុធ​មួយ​នៅ ភាគខាងត្បូង​ប្រទេស​រុស្ស៊ី ក្បែរ​ព្រំដែន​ជាមួយ អ៊ុយ​ក្រែ​ន កាលពី​ម្សិលមិញ​បាន​ឆាបឆេះ ក្រោយមក ក្រុមមន្ត្រី​ក្នុង​តំបន់​និយាយថា មូលហេតុ​មកពី​អាកាសធាតុ​ក្ដៅ​ពេក។

Vyacheslav Gladkov អភិបាល​តំបន់ Belgorod បានឱ្យដឹងថា ប្រជាជន​នៅ​ជុំវិញ​ភូមិ Timonovo ត្រូវបាន​ឈ្លៀស​នៅពេល​ឃ្លាំង​អាវុធ​ចាប់ផ្ដើម​ឆេះ។ មិនមាន​អ្នករងរបួស​នោះទេ បន្ទាប់ពី ហេតុការណ៍​បានកើត​ឡើង។

នេះ​គឺជា​លើក​ទី​ពីរ​នៅក្នុង​រយៈពេល​មិន​ដល់ ១ សប្ដាហ៍ ដែល​ឃ្លាំង​អាវុធ​របស់ រុស្ស៊ី មួយ​នេះ​ត្រូវ​ឆេះ។ កាលពី​សប្ដាហ៍​កន្លង ប្រជាជន​ក្នុងភូមិ Timonovo និង Soloti ដែលមាន​ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ​ពី ប្រទេស​អ៊ុយ​ក្រែ​ន ក៏ត្រូវរ​ត់រក​ទី​សុវត្ថិភាព ដោយសារ​ហេតុការណ៍​ផ្ទុះ​ឆេះ​ឃ្លាំង​អាវុធ​នៅក្បែរនោះ។

មួយរយៈ​ពេល​ចុង​ក្រោយនេះ អភិបាល Gladkov បាន​ទម្លាក់កំហុស​ជា​បន្តបន្ទាប់​ទៅលើ​កងកម្លាំង​របស់ អ៊ុយ​ក្រែ​ន ទាក់ទិន​នឹង​ករណី​ឆេះ និង​ផ្ទុះ​នានា​នៅក្នុង និង​ជុំវិញ​តំបន់ Belgorod ដែលមាន​ចម្ងាយ​ពី ទីក្រុង​មូ​ស្គូ ប្រហែល ៦៥០ គីឡូម៉ែត្រ​ទៅ​ទិស​ខាងត្បូង។

ទីក្រុង​កៀវ តែងតែ​ចៀសវាង​ការប្រកាស​ថា​ជា​ស្នាដៃ​របស់ កងកម្លាំង​អ៊ុយ​ក្រែ​ន ប៉ុន្តែ ក៏​តែងតែ​ចំអក​ឱ្យ ទីក្រុង​មូ​ស្គូ ថា មិនមាន​ការប្រុងប្រយ័ត្ន៕

Leave a Reply

Your email address will not be published. Required fields are marked *