ក្នុងរយៈពេលតែ ៣ ថ្ងៃប៉ុណ្ណោះ គ្រោះទឹកជំនន់ និងបាក់ដីបានសម្លាប់មនុស្សយ៉ាងហោច ៥០ នៅក្នុងតំបន់ភាគខាងជើង និងភាគខាងកើតរបស់ ប្រទេសឥណ្ឌា។
ជំនន់ទឹកភ្លៀងបានហូរចូលភូមិឋាន កួចយកផ្ទះសំបែង និងបណ្ដាលឱ្យប្រជាជនត្រូវជាប់គាំងនៅនឹងកន្លែង ខណៈដែលក្រុមសង្គ្រោះត្រូវរត់ប្រណាំងនឹងពេលវេលាដើម្បីឈ្លៀសមនុស្សដែលនៅមានជីវិត ទៅរកទីសុវត្ថិភាព។
ជនរងគ្រោះនៅក្នុងគ្រោះទឹកជំនន់នេះភាគច្រើននៅក្នុងរដ្ឋ Himachal Pradesh, Uttarakhand និងរដ្ឋ Odisha បន្ទាប់ពីបាតុភូតទឹកជំនន់ និងបំណាក់ដីដែលបានបង្កផលប៉ះពាល់ដល់មនុស្សជិត ៨០០,០០០ នាក់ ក្នុងនោះមានមនុស្សរាប់ពាន់នាក់ត្រូវភៀសខ្លួនពីទីលំនៅ។ ភ្លៀងធ្លាក់បង្កជាទឹកជំនន់បានធ្វើឱ្យមានបញ្ហារអាក់រអួលដល់បណ្ដាញអគ្គិសនី ទឹក និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ។
ជារៀងរាល់ឆ្នាំ រដូវភ្លៀងនៅ ឥណ្ឌា បានបង្កការខាតបង់ជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន ប៉ុន្តែ វាក៏ជាប្រភពផ្គត់ផ្គង់ទឹកដ៏សំខាន់សម្រាប់ឧស្សាហកម្ម ជាវិស័យដែលរួមចំណែកប្រមាណ ១៥% ទៅក្នុងសេដ្ឋកិច្ចរបស់ ប្រទេសឥណ្ឌា៕