Skip to content

អាជ្ញាធរ​ចិន «បង្កើត​ភ្លៀង​ជំនួស​ព្រះ​ពិរុណ» នៅពេល​ទន្លេ​វែង​ជាងគេ​នៅ អាស៊ី រីងស្ងួត

ក្រុម​យន្តហោះ​របស់​ចិន ត្រូវបាន​បញ្ជូនទៅ​បាញ់​សារធាតុ អ៊ីយ៉ូត​ប្រាក់ ទៅលើ​មេឃ ដើម្បី​បង្កើត​ភ្លៀង​សម្រាប់​តំបន់ក្បែរ​ៗ​ទន្លេ Yangtze ក្នុង​គ្រា​ដែល​តំបន់​នេះ​កំពុង​ជួប​គ្រោះរាំងស្ងួត​យ៉ាងធ្ងន់ធ្ងរ និង​កម្ដៅ​កើនឡើង​ខ្ពស់​ខ្លាំង។

អាជ្ញាធរ​តំបន់​ជាច្រើន​នៅក្បែរ​ទន្លេ Yangtze ដែលជា​ទន្លេ​វែង​បំផុត​នៅ ទ្វីបអាស៊ី និង​ឈរ​លំដាប់​ទី ៣ នៅលើ​ពិភពលោក បាន​បង្កើត​យុទ្ធនាការ​អន្តរាគមន៍​ដើម្បី​កែប្រែ​អាកាសធាតុ ប៉ុន្តែ ពពក​ស្ដើង​ពេក ទើប​មិនទាន់​បង្កើតជា​ភ្លៀង​បាន។

នៅក្នុង​ប្រកាស​កាល​ពី​​ថ្ងៃទី ១៧ សីហា ក្រសួង​ធនធានទឹក​របស់ ចិន បានឱ្យដឹងថា ស្ថានភាព​រាំងស្ងួត​នៅតាម​តំបន់​បណ្ដោយ​ទន្លេ Yangtze កំពុង​បង្ក​ផល​អាក្រក់​ដល់​សន្តិសុខ​ប្រភពទឹក​របស់​ប្រជាជន សត្វ​ចិញ្ចឹម និង​ផលដំណាំ»។

គ្រោះរាំងស្ងួត​នៅ ប្រទេស​ចិន

ក្នុង​ថ្ងៃ​ដដែល ខេត្ត Hubei គឺជា​តំបន់​ថ្មី​បំផុត​ដែល​ប្រកាសថា នឹង​បង្កើត​ពពក​សិប្បនិម្មិត​ដោយ​ប្រើប្រាស់​សារធាតុ អ៊ីយ៉ូត​ប្រាក់ ដើម្បី​បង្អុរ​ទឹកភ្លៀង។

អ៊ីយ៉ូត​ប្រាក់ ដែល​ដាក់​នៅក្នុង​បំពង់​តូចៗ​ប៉ុន​ដើម​បារី នឹងត្រូវ​បាន​បាញ់​ទៅក្នុង​ពពក​ដែលមាន​បច្ចុប្បន្ន ដើម្បី​បង្កើតបានជា​ភាគល្អិត​នៃ​ទឹកកក។ ភាគល្អិត​ទាំងនេះ​ជួយ​ឱ្យ​ពពក​មាន​សំណើម​ជាង​មុន ហើយ​គ្រាប់​ទឹក​ក្នុង​ពពក​ក៏​ងាយស្រួល​ធ្លាក់​ជា​ភ្លៀង។

បច្ចេកទេស​បង្កើត​ពពក​ភ្លៀង​ ឬ​ភ្លៀង​សិប្បនិម្មិត​នេះ​ត្រូវបាន​ប្រើប្រាស់​តាំងតែ​ពី​ទសវត្សរ៍​ឆ្នាំ ១៩៤០ ហើយ ប្រទេស​ចិន មានកម្ម​វិធី​នេះ​ធំជាងគេ​បង្អស់។ ប្រទេស​ចិន ធ្លាប់បាន​បង្កើត​ភ្លៀង​សិប្បនិម្មិត​នៅមុន​ព្រឹត្តិការណ៍​អូឡាំពិក​ប៉េកាំង ២០០៨ ដើម្បី​ធានា​ឱ្យបាន​ប្រាកដថា អាកាសធាតុ​ស្ងួត មិនមាន​ភ្លៀង​នៅពេល​ព្រឹត្តិការណ៍​នេះកំពុង​​ត្រូវបាន​ធ្វើឡើង៕

Leave a Reply

Your email address will not be published. Required fields are marked *