កាលពីថ្ងៃទី ១៧ សីហា ប្រទេសឥណ្ឌូណេស៊ី បានប្រារព្ធទិវាឯករាជ្យរបស់ខ្លួនជាលើកដំបូងនៅ រដ្ឋធានីថ្មី នូសានតារា ដែលអាចបើកទ្វារដំណើរការនៅអំឡុងប្រធានាធិបតី Joko Widodo ចប់អាណត្តិនៅឆ្នាំ ២០២៤។
មានចម្ងាយពី រដ្ឋធានីហ្សាការតា ប្រហែល ២,០០០ គីឡូម៉ែត្រ នូសានតារា កំពុងត្រូវបានស្ថាបនាដើម្បីក្លាយជាមជ្ឈមណ្ឌលនយោបាយថ្មីរបស់ប្រទេសដែលមានផ្ទៃក្រឡាធំជាងគេលំដាប់ទី ៤ ក្នុងពិភពលោកមួយនេះ។
រដ្ឋាភិបាលឥណ្ឌូណេស៊ី កំណត់គោលដៅបង្ហើយគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីអាចបើកទ្វាររដ្ឋធានីថ្មី នូសានតារា នៅអំឡុងប្រធានាធិបតី Joko Widodo ចប់អាណត្តិនៅឆ្នាំ ២០២៤។
មេដឹកនាំរដ្ឋធានីថ្មីរបស់ ឥណ្ឌូណេស៊ី លោក Bambang Susantono បានឱ្យដឹងថា «ចំណុចសំខាន់នៃព្រឹត្តិការណ៍នេះ គឺការប្រើប្រាស់ស្មារតីនៃទិវាឯករាជ្យជាតិលើកទី ៧៧ ដើម្បីពង្រឹងការប្ដេជ្ញាចិត្ត និងស្មារតីរបស់យើង នៅក្នុងការកសាងរដ្ឋធានីថ្មី»។
យោងតាមលោក Susantono រដ្ឋធានីថ្មី នូសានតារា ដែលមានផ្ទៃក្រឡាប្រហែល ៥៦,១៨០ ហិកតា នឹងក្លាយជាទីកន្លែងរស់នៅរបស់ប្រជាជនប្រហែល ២ លាននាក់ នៅឆ្នាំ ២០៤៥។
ដំណើរការនៃការអភិវឌ្ឍរដ្ឋធានីថ្មីនឹងត្រូវបានអនុវត្តជា ៣ ដំណាក់កាលសំខាន់ៗគឺ ឆ្នាំ ២០២៤, ២០៣៥ និង ២០៤៥។ នៅឆ្នាំ ២០៤៥ នូសានតារា នឹងជាតំបន់សេដ្ឋកិច្ចដែលអាចជួយជំរុញឱ្យ ឥណ្ឌូណេស៊ី ក្លាយជាប្រទេសអភិវឌ្ឍ។
រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសពីគម្រោងរើ រដ្ឋធានីហ្សាការតា ចេញពី កោះជ្វា ជាកោះដែលមានប្រជាជនច្រើនជាងគេបង្អស់ក្នុងពិភពលោក កាលពីខែមេសា ២០១៩។ ប្រធានាធិបតី Joko Wedodo ប្រកាសថា ស្រុក Penajam Paser ខាងជើង និង Kutai Kertanegara នៃខេត្ត Kalimantan ខាងកើត ត្រូវបានជ្រើសរើសជាទីតាំងរបស់រដ្ឋធានីថ្មី។
នូសានតារា នឹងដើរតួនាទីជាមជ្ឈមណ្ឌលរដ្ឋបាលកំពូលរបស់ ឥណ្ឌាណេស៊ី ខណៈដែល ហ្សាការតា ដែលជារដ្ឋធានីបច្ចុប្បន្ន និងជាទីដែលមានមនុស្សជាង ១០ លាននាក់កំពុងរស់នៅ នឹងនៅតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់ប្រទេសនេះ៕