Skip to content

ផ្ទុះ​ឃ្លាំង​អាវុធ​របស់ រុស្ស៊ី នៅ ឧបទ្វីប​គ្រី​មៀ ទៀតហើយ ប៉ុន្តែ មិនទាន់​ដឹង​ពី​មូលហេតុ (វីដេអូ)

ឃ្លាំង​អាវុធ​នៅ ឧបទ្វីប​គ្រី​មៀ បាន​ផ្ទុះ​នៅថ្ងៃនេះ បណ្ដាលឱ្យ​ប្រជាជន​ក្នុង​តំបន់ ត្រូវ​ជម្លៀស​ខ្លួន​ទៅកាន់​ទី​សុវត្ថិភាព។

«ករណី​ផ្ទុះ​គ្រាប់រំសេវ បានកើត​ឡើង​នៅ​តំបន់​ភាគ​ខាងជើង​នៃ ឧបទ្វីប​គ្រី​មៀ (Crimea)» នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន TASS ស្រង់​សម្ដី​មេដឹកនាំ​របស់ គ្រី​មៀ Segey Aksyonov ដែល​និយាយ​ដល់​ឃ្លាំង​អាវុធ​ស្ថិតនៅ​ក្នុងភូមិ Maiskoye មាន​ចម្ងាយ​ពី​ទីរួមស្រុក Dzhankoi ប្រហែល ២៥ គីឡូម៉ែត្រ ទៅ​ទិស​ខាងត្បូង។ ប្រជាជន​ក្នុង​តំបន់ កំពុង​ត្រូវបាន​ឈ្លៀស​ទៅកាន់​ទី​សុវត្ថិភាព។

បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​អំពី​មូលហេតុ​នៃ​ហេតុការណ៍​ផ្ទុះ​ឃ្លាំង​អាវុធ​នេះ។ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti ស្រង់​ព័ត៌មាន​ពី ក្រសួងការពារជាតិ​រុស្ស៊ី ឱ្យដឹងថា ករណី​ផ្ទុះ​នៅ Maiskoye នេះ មិនបាន​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​ឡើយ។

ករណី​ផ្ទុះ​នេះ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ហេតុការណ៍​ប្រហាក់ប្រហែល​នេះ​​បានកើត​ឡើង​នៅឯ​ព្រលានយន្តហោះ​យោធា​របស់ រុស្ស៊ី នៅ គ្រី​មៀ ដែល​បាន​បណ្ដាលឱ្យ​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​រង​ការខូចខាត។

ឧបទ្វីប​គ្រី​មៀ ស្ថិតនៅ​ជាប់​នឹង​ខេត្ត Kherson នៃ​ភាគខាងត្បូង​របស់ អ៊ុយ​ក្រែ​ន ជាទី​ដែលកំពុង​ត្រូវ​បាន​កាន់​កាប់​ដោយ​ រុស្ស៊ី និង​នៅក្បែរ​តំបន់ Zaporizhzhia ភាគ​អាគ្នេយ៍​របស់ អ៊ុយ​ក្រែ​ន ដែល​បច្ចុប្បន្ន​ត្រូវបាន រុស្ស៊ី គ្រប់គ្រង​មួយ​ភាគ​ធំ។

រុស្ស៊ី បាន​រឹបអូស​យក គ្រី​មៀ កាលពី​ឆ្នាំ ២០១៤ តាមរយៈ​ការធ្វើប្រជាមតិ។ ទីក្រុង​កៀវ មិន​ទទួលស្គាល់​ប្រការនេះ និង​បាន​ហៅ គ្រី​មៀ ថា​ជា «ទឹក​ដែល​ត្រូវគេ​ឈ្លានពាន»។ ទីប្រឹក្សា​របស់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និយាយថា សង្គ្រាម​ជាមួយនឹង រុស្ស៊ី អាច​ត្រូវ​បានបញ្ចប់ លុះណាតែ ទី​ក្រុ​វ​កៀវ ដណ្ដើមបាន ឧបទ្វីប​គ្រី​មៀ មក​វិញ៕

Leave a Reply

Your email address will not be published. Required fields are marked *