Skip to content

រុស្ស៊ី ប្រកាស​បង្ហាញ​ស្ថានីយ​អវកាស​ថ្មីផ្ទាល់​ខ្លួន សម្រាប់​ដំណាក់​កាល​ក្រោយ​ដក​ថយ​​ពី​ ISS

ទីភ្នាក់ងារ​អវកាស​រុស្ស៊ី (Roscosmos) កាលពី​ម្សិលមិញ បានប្រកាស​បង្ហាញ​ទម្រង់​រូបរាង​គំរូ​នៃ​ស្ថានីយ​អវកាស​ថ្មី ក្នុង​គ្រា​ប្រទេស​នេះ​មាន​គម្រោង​ដកខ្លួន​ពី​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ក្រោយ​ឆ្នាំ ២០២៤។

ទម្រង់​រូបរាង​របស់​ស្ថានីយ​អវកាស​ថ្មី​របស់ រុស្ស៊ី ត្រូវបាន​ប្រកាស​​បង្ហាញ​នៅក្នុង​វេទិកា​យោធា-បច្ចេកទេស​អន្តរជាតិ Army 2022។ ក្រុមហ៊ុន​អវកាស Energia ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Roscosmos បច្ចុប្បន្នកំពុង​អភិវឌ្ឍ​គ្រោងឆ្អឹង​របស់​ស្ថានីយ​អវកាស​អនាគត ដែល​គ្រោង​នឹងត្រូវ​បាន​ដំឡើង​នៅ​ទី​អវកាស​​​ទៅតាម ២ ដំណាក់កាល។

ដំណាក់​កាលពី ១ រួមមាន ម៉ូឌុល​ចំនួន ៤ និង​មាន​សមាជិក​នៅលើ​ស្ថានីយ​នេះ​ចំនួន ២ នាក់។ ដំណាក់កាល​ទី ២ នឹង​បន្ថែម​មូ​ឌុល​ចំនួន ២ ទៀត។ ក្រោយមក ចំនួន​សមាជិក​ក្នុង​ស្ថានីយ​អវកាស​នេះ​នឹង​កើនឡើង​ដល់ ៤ នាក់។

រូងរាងគំរូនៃស្ថានីយអវកាសថ្មី និងផ្ទាល់ខ្លួនរបស់ ប្រទេសរុស្ស៊ី

កាលពី​ខែកក្កដា​កន្លងទៅ ប្រធាន​អង្ការ​ Roscosmos លោក Yury Borisov ថ្លែងថា រុស្ស៊ី នឹង​ដកខ្លួន​ពី ISS ក្រោយ​ឆ្នាំ ២០២៤។ លោក Yury បញ្ជាក់ថា ការសម្រេចចិត្ត​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ឡើយ។

រុស្ស៊ី អាច​ផ្ដើម​សាងសង់​ស្ថានីយ​អវកាស​ផ្ទាល់ខ្លួន ចាប់ពី​ឆ្នាំ ២០២៨ នេះ​បើ​យោង​ទៅ​តាម​លោក Vladimir Solovyov អវកាស​ចរ​ជំនាន់​សូ​វៀត និង​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​រចនា​របស់​ក្រុមហ៊ុន​អភិវឌ្ឍ​យានអវកាស RSC Energia ឱ្យ​ដឹង​កាលពី​ឆ្នាំ ២០២១៕

Leave a Reply

Your email address will not be published. Required fields are marked *