ទីភ្នាក់ងារសារព័ត៌មាន Ukrinform របស់ អ៊ុយក្រែន កាលពីថ្ងៃទី ១៥ សីហា បានចុះផ្សាយថា អ្នកបើកបរយន្តហោះ Anton Lystopad អាយុ ៣១ ឆ្នាំ ដែលត្រូវបានវាយតម្លៃថាជាអ្នកបើកបរយន្តហោះម្នាក់ដែលពួកែជាងគេនៅ អ៊ុយក្រែន បានទទួលមរណភាពក្នុងពេលប្រយុទ្ធមួយជាមួយ កងទ័ពរុស្ស៊ី។
នៅលើទំព័រ Facebook សាលារូបវិទ្យា-វិស្វកម្ម Ivano Frankivsk ជាទីដែល Anton បានបញ្ចប់ការសិក្សា បានឱ្យដឹងថា «ឆ្នាំ ២០១៩ Anton ត្រូវបានទទួលស្គាល់ថាជាអ្នកបើកបរយន្តហោះពូកែជាងគេរបស់ ទ័ពអាកាសអ៊ុយក្រែន ហើយក្រោយមកក៏បានចូលរួមធ្វើសកម្មភាពយោធានៅភាគខាងកើត»។
ប្រកាសរបស់សាលាខាងលើក៏បានបញ្ជាក់ថា «អ្នកបើកបរយន្តហោះ Anton Lystopad បានការពារ ទឹកដីអ៊ុយក្រែន នៅចំពោះមុខការវាយប្រហារទូទៅរបស់ រុស្ស៊ី នៅក្នុងគ្រាដំបូងបង្អស់»។
យោងតាម Ukrinform លោក Anton Lystopad បានសិក្សានៅសាកលវិទ្យាល័យជាតិទ័ពអាកាស Ivan Kozhedub តាំងពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៨ និងក្លាយជាអ្នកបើកបរប្រយុទ្ធដែលមានឋាននន្តរសក្ដិខ្ពស់បំផុត។
ប៉ុន្មានថ្ងៃមុនពេលទទួលមរណភាព លោក Lystopad ត្រូវបានប្រធានាធិបតីរបស់ អ៊ុយក្រែន ផ្ដល់មេដាយក្លាហានថ្នាក់ទី ៣ ព្រោះតែបង្កើតបានស្នាដៃជាច្រើននៅក្នុងការប្រយុទ្ធដើម្បីការពារទឹកដី។
ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា យន្តហោះចម្បាំង និងកម្លាំងការពារដែនអាកាសរបស់ប្រទេសនេះ បានបាញ់ទម្លាក់យន្តហោះចម្បាំងជាង ២៦០ គ្រឿងរបស់ អ៊ុយក្រែន រាប់ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង៕