Skip to content

ទីភ្នាក់​ងារ​សារព័ត៌មាន​​ចិន ព្រមាន​​ក្រុម​តំណាង​រាស្ត្រ​​អាម៉េរិក​ ដែល​​ធ្វើ​​ទស្សនកិច្ច​​នៅ​ កោះ​​តៃវ៉ាន់

Xinhua បាន​ចុះផ្សាយ​អត្ថបទ​ព្រមាន​ក្រុម​អ្នកនយោបាយ​អាម៉េរិក ថា «ប្រលែង​នឹង​ភ្លើង» ទាក់ទិន​នឹង​បញ្ហា កោះ​តៃវ៉ាន់ ក្រោយពី​ប្រតិភូ​មួយក្រុម​របស់ សភា​អាម៉េរិក ធ្វើ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ នាពេលថ្មីៗនេះ។

«ក្រុម​អ្នកនយោបាយ​អាម៉េរិក ដែល​កំពុងតែ​ប្រលែង​ជាមួយនឹង​ភ្លើង​ចំពោះ​បញ្ហា តៃវ៉ាន់ គួរតែ​បោះបង់​ការស្រមើស្រមៃ។ មិនមាន​កន្លែង​សម្រាប់​ការព្រមព្រៀង ឬ​សម្បទាន​ឡើយ នៅពេល​ទាក់ទង​នឹង​ផលប្រយោជន៍​ស្នូល​របស់ ប្រទេស​ចិន» ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ចិន Xinhua បាន​ចុះផ្សាយ​អត្ថបទ​វិចារណកថា​មួយ បន្ទាប់ពី​ក្រុមតំណាងរាស្ត្រ​របស់ សភា​អាម៉េរិក មក​ធ្វើ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី ១៤ សីហា។

Xinhua បាន​ចោទ​ក្រុមតំណាងរាស្ត្រ​របស់ សហរដ្ឋ​អាម៉េរិក ដែល​បាន​ទៅកាន់ កោះ​តៃវ៉ាន់ ថា​ជា «ក្រុម​ឱកាសនិយម» ដែល​កំពុង​គិត​អំពី​ផលប្រយោជន៍​ផ្នែក​នយោបាយ ​ក្នុងពេល សហរដ្ឋ​អាម៉េរិក ជិត​រៀបចំ​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ នៅ​ខែវិច្ឆិកា​ខាងមុខ។

ក្រុមមន្ត្រី​ការទូត​ចិន នៅ សហរដ្ឋ​អាម៉េរិក ក៏បាន​ចោទថា ដំណើរ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ ថ្មីៗនេះ​របស់ ក្រុមតំណាងរាស្ត្រ​អាម៉េរិក បង្ហាញថា វ៉ា​ស៊ី​ង​តោន «មិន​ចង់ឃើញ​ស្ថិរភាព​នៅលើ​ច្រក​សមុទ្រ​តៃវ៉ាន់» និង «ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ ប្រ​ទស​ចិន»។

អ្នកនាំពាក្យ​របស់ ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាម៉េរិក ឱ្យដឹងថា ក្រុមតំណាងរាស្ត្រ​អាម៉េរិក បាន​ទៅកាន់ តៃវ៉ាន់ ក្នុងអំឡុង​ច្រើន​ទសវត្សរ៍​មកហើយ ហើយ​ថា​នឹង​បន្តធ្វើ​ដូច្នេះ​ទៀត ដោយ​យល់ថា ដំណើរ​ទស្សនកិច្ច​បែប​នេះ​នៅតែ​សមស្រប​សម្រាប់​គោលនយោបាយ​ចិន​តែមួយ របស់ វ៉ា​ស៊ី​ង​តោន។

ប្រតិភូ​មួយក្រុម​នៃ សភា​អាម៉េរិក កាលពី​ម្សិលមិញ​បានចាប់ផ្ដើម​ចេញ​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃ នៅ កោះ​តៃវ៉ាន់ និង​មាន​គម្រោង​ជួបពិភាក្សា​ការងារ​ជាមួយ​មេដឹកនាំ​កោះ​នេះ។

ក្រុម​តំណាង​រាស្ត្រ​អាម៉េរិក ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ កោះ​តៃវ៉ាន់ ក្នុង​ថ្ងៃទី ១៥ សីហា

យោងតាម​ការិយាល័យ​តំណាង​អាម៉េរិក នៅ កោះ​តៃវ៉ាន់ (AIT) ប្រតិភូ​អាម៉េរិក មួយក្រុម​នេះ​រួមមាន​តំណាងរាស្ត្រ ៥ រូប ដែល​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​សភា​ជាន់ខ្ពស់ Ed Markey មកពី​បក្ស​ប្រជាធិបតេយ្យ។ ពួកគេ​នឹង​ពិភាក្សា​អំពី​បញ្ហា​ជាច្រើន មានដូចជា សន្តិសុខ​ក្នុង​តំបន់ ពាណិជ្ជកម្ម វិនិយោគ បណ្ដាញ​ផ្គត់ផ្គង់​ទូទាំង​ពិភពលោក និង​បញ្ហា​អាកាសធាតុ​ជាដើម។ លោក Markey គឺជា​ប្រធាន​អនុគណៈកម្មការ​កិច្ចការបរទេស​អាស៊ី​ខាងកើត អាស៊ី​ប៉ា​ស៊ី​ហ្វ៊ិ​ក និង​ប្រធាន​អនុគណៈកម្មការ​សន្តិសុខ​អ៊ី​ន​ធើ​ណិ​ត​អន្តរជាតិ​របស់ សភា​ជាន់ខ្ពស់​អាម៉េរិក។

ដំណើរ​ទស្សនកិច្ច​នេះ​កើតឡើង​បន្ទាប់ពី ប្រធានសភា​ជាន់​ទាប​អាម៉េរិក លោកស្រី Nancy Pelosi បានធ្វើ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ ចាប់ពី​ថ្ងៃទី ០២ ដល់ ០៣ សីហា ដែល​បាន​បណ្ដាលឱ្យ ទីក្រុង​ប៉េកាំង ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា ក្នុង​នោះ​មាន​ទាំង​​ការ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ជុំវិញ កោះ​តៃវ៉ាន់។

សហរដ្ឋ​អាម៉េរិក សន្យា​គោរព​គោលនយោបាយ​ចិន​តែមួយ ប៉ុន្តែ នៅតែ​រក្សា​ទំនាក់ទំនង​ជាមួយ កោះ​តៃវ៉ាន់ និង​ផ្គត់ផ្គង់​សព្វាវុធ​ឱ្យ​កោះ​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *