Skip to content

FBI បាន​រកឃើញ​ឯកសារ «មហា​សម្ងាត់» នៅក្នុង​ផ្ទះ​របស់​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ

បុគ្គលិក​ពិសេស​របស់ FBI បាន​ប្រមូលយក​ឯកសារ​សម្ងាត់​មួយ​ចំនួន នៅពេល​ធ្វើការ​ត្រួតពិនិត្យភ្លាមៗទៅលើ​គេហដ្ឋាន​ឯកជន​របស់លោក ដូ​ណា​ល់ ត្រាំ នៅ Mar-a-Lago ក្នុងនោះ​មាន​ទាំង​ឯកសារ «មហា​សម្ងាត់» ផងដែរ។

សារព័ត៌មាន​អាម៉េរិក កាលពី​ម្សិលមិញ (១២ សីហា) បាន​រាយការណ៍​ថា កម្លាំង​ពិសេស​របស់ ការិយាល័យ​ស៊ើបអង្កេត​អាម៉េរិក (FBI) បាន​រក​ឃើញ​ឯកសារ​មួយចំនួន​ដែល​ត្រូវបាន​សម្គាល់ថា «មហា​សម្ងាត់» នៅក្នុងពេល​ចូល​ឆែកឆេរ​ផ្ទះ​របស់ អតីត​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​រដ្ឋ Florida។

យោង​តាម​ ទីភ្នាក់ងារសារព័ត៌មាន Wall Street Journal បុគ្គលិក​ពិសេស​របស់ FBI បាន​ប្រមូលយក​ឯកសារ​សម្ងាត់​ចំនួន ១១ ច្បាប់ នៅពេល​ធ្វើការ​ត្រួតពិនិត្យភ្លាមៗទៅលើ​គេហដ្ឋាន​ឯកជន​របស់លោក ដូ​ណា​ល់ ត្រាំ នៅ Mar-a-Lago ដែល​ហេតុការណ៍​នេះ​កំពុងតែ​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង​ក្នុងវិស័យ​​នយោបាយ និង​កាន់តែ​ធ្វើឱ្យ​បញ្ហា​​ប្រកាន់​បក្សពួក​​នៅ សហរដ្ឋ​អាម៉េរិក មាន​សភាព​ធ្ងន់ធ្ងរ។

អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍ គឺថា ឯកសារ​សម្ងាត់​ដែល FBI ប្រមូលបាន​ពី​ផ្ទះ​របស់លោក ត្រាំ ក៏មាន​ឯកសារ​មហា​សម្ងាត់ ហើយ​បើតាម​ការកំណត់ ឯកសារ​នោះ​ត្រូវបាន​អនុញ្ញាតឱ្យ​រក្សាទុក​នៅក្នុង​មូលដ្ឋាន​ពិសេស​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

ព័ត៌មាន​ខាងលើ​ត្រូវ​បានលើកឡើង​ក្នុង​គ្រា​ដែល ក្រសួងយុត្តិធម៌​អាម៉េរិក បាន​ស្នើឱ្យ​ចៅក្រម​តុលាការ​នៅក្នុង​រដ្ឋ Florida ប្រកាសជា​សាធារណៈ​​អំពី​ដីកា​ត្រួតពិនិត្យ កាលពី​ថ្ងៃទី ១២ សីហា លើកលែងតែ​មានការ​ជំទាស់​ពី​លោក ត្រាំ។

បច្ចុប្បន្ន ទាំង​លោក ត្រាំ ដែល​កំពុង​មានបំណង​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​ឆ្នាំ ២០២៤ ទាំង បក្ស​សាធារណរដ្ឋ មិនទាន់មាន​ការអធិប្បាយ​អ្វី​ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើ​នៅឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *