មន្ត្រីការពារជាតិអាម៉េរិក អះអាងថា ប្រទេសនេះមិនទាន់ផ្ដល់អាវុធដែលអាចឱ្យ អ៊ុយក្រែន វាយប្រហារលើព្រលានយន្តហោះយោធានៅលើ ឧបទ្វីបគ្រីមៀ (Crimea)។
«យើងមិនទាន់ផ្ដល់អ្វីមួយដែលអនុញ្ញាត ឬអាចអនុញ្ញាតឱ្យ អ៊ុយក្រែន វាយប្រហារលើ គ្រីមៀ» មន្ត្រីការពារជាតិជាន់ខ្ពស់មួយរូបរបស់ សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ១២ សីហា បានឱ្យដឹងដូច្នេះ។ «នោះមិនមែនជា ATACMS ព្រោះថា យើងមិនទាន់ផ្ដល់មីស៊ីលនេះទៅឱ្យពួកគេ»។
ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រសម្រាប់កងទ័ពថ្មើរជើង (ATACMS) MGM-140 គឺជាមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយមធ្យមដែលអាចបាញ់ចំគោលដៅក្នុងរយៈចម្ងាយ ៣០០ គីឡូម៉ែត្រ ដោយបាញ់ចេញពីប្រព័ន្ធមីស៊ីលប្រតិកម្មកម្រិតខ្ពស់ (HIMARS) M142 ឬពីប្រព័ន្ធមីស៊ីលហ្វូងប្រតិកម្មរហ័ស (MLRS)។ អ៊ុយក្រែន ធ្លាប់បានស្នើសុំឱ្យ សហរដ្ឋអាម៉េរិក ផ្ដល់ ATACMS ឱ្យប្រទេសនេះ។
កាលពីថ្ងៃទី ០៩ សីហា មានករណីផ្ទុះដ៏ធំនៅឯព្រលានយន្តហោះយោធា Saki នៅលើ ឧបទ្វីបគ្រីមៀ។ ក្រសួងការពារជាតិរុស្ស៊ី ឱ្យដឹងថា ឃ្លាំងអាវុធនៅក្នុងព្រលានយន្តហោះនេះបានផ្ទុះ បង្កឱ្យមានការផ្ទុះធំៗ និងបង្កការខូចខាតយ៉ាងដំណំ ប៉ុន្តែ មិនមែនដោយសារការវាយប្រហាររបស់ អ៊ុយក្រែន។ «ការមិនគោរពគោលការណ៍សុវត្ថិភាព បង្ការ និងពន្លត់អគ្គិភ័យ គឺជាមូលហេតុដែលនាំឱ្យកើតមានហេតុការណ៍ផ្ទុះនេះ» ក្រសួងការពារជាតិរុស្ស៊ី ប្រកាសដូច្នេះ។
មន្ត្រីម្នាក់របស់ អ៊ុយក្រែន និយាយថា ហេតុការណ៍ផ្ទុះនោះគឺជាលទ្ធផលនៃការវាយប្រហារបែបទ័ពព្រៃដែលគាំទ្រ កងទ័ពអ៊ុយក្រែន នៅលើទឹកដីដែល រុស្ស៊ី កំពុងកាន់កាប់។ ប៉ុន្តែ រដ្ឋាភិបាលអ៊ុយក្រែន មិនទាន់ប្រកាសសេចក្ដីលម្អិតនៃហេតុការណ៍ផ្ទុះនេះនៅឡើយ។