កាលពីថ្ងៃទី ១១ សីហា អតីតប្រធានាធិបតីរបស់ ប្រទេសស្រីលង្កា លោក Gotabaya Rajapaksa បានទៅដល់ ទីក្រុងបាងកក ប្រទេសថៃ បន្ទាប់ពីបានចាកចេញពី សិង្ហបុរី។
លោក Rajapaksa បានធ្វើដំណើរដល់ព្រលានយន្តហោះ Don Muang នៅ រាជធានីបាងកក តាមរយៈជើងហោះហើរពី សិង្ហបុរី។ អាជ្ញាធរថៃ បានឱ្យដឹងថា លោក Rajapaksa នឹងស្នាក់នៅបណ្ដោះអាសន្ននៅ ប្រទេសថៃ និងមិនមានបំណងសុំសិទ្ធិជ្រកកោននយោបាយឡើយ។
កាលពីថ្ងៃទី ១០ សីហា នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-o-cha ក៏បានឱ្យដឹងថា នេះគឺជាបញ្ហាមនុស្សធម៌ និងសង្កត់ធ្ងន់ថា លោក Rajapaksa នឹងស្នាក់នៅក្នុងប្រទេសនេះជាបណ្ដោះអាសន្នរយៈពេលខ្លីប៉ុណ្ណោះ ហើយក៏នឹងមិនចូលរួមធ្វើសកម្មភាពនយោបាយអ្វីទាំងអស់នៅទីនេះ។
រដ្ឋមន្ត្រីការបរទេសថៃ Don Pramudwinai បានថ្លែងថា រដ្ឋាភិបាលស្រីលង្កា គាំទ្រដំណើររបស់លោក Rajapaksa មកកាន់ ប្រទេសថៃ ជាទីដែលលោកនឹងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងរយៈពេល ៩០ ថ្ងៃ ដោយប្រើប្រាស់លិខិតឆ្លងដែនរបស់គាត់។
លោក Rajapaksa មិនបានបង្ហាញខ្លួនជាសាធារណៈ ឬលើកឡើងនូវការអធិប្បាយណាមួយ រាប់ចាប់តាំងពីពេលលោកបានចាកចេញពី ប្រទេសស្រីលង្កា៕