(សហរដ្ឋអាម៉េរិក)-យន្តហោះធុនតូច ១ គ្រឿង កាលពីរសៀលថ្ងៃទី ០៩ សីហា បានហោះធ្លាក់មកលើផ្លូវល្បឿនលឿននៅភាគខាងត្បូងនៃរដ្ឋ California និងបានផ្ទុះឆេះ គួរឱ្យរន្ធត់។
យោងតាម នាយកដ្ឋានជាតិគ្រប់គ្រងអាកាសចរណ៍របស់ សហរដ្ឋអាម៉េរិក យន្តហោះដែលដឹកមនុស្ស ២ នាក់នេះ បានធ្លាក់នៅលើផ្លូវល្បឿនលឿន ៩១ នៅក្នុងទីក្រុង Corona ដែលស្ថិតក្នុងខណ្ឌ Riverside មានចម្ងាយប្រហែល ៨០ គីឡូម៉ែត្រទៅទិសខាងកើតរបស់ Los Angeles។
វីដេអូដែលបានបង្ហោះលើបណ្ដាញសង្គម បង្ហាញថា យន្តហោះនេះធ្លាក់នៅកណ្ដាលផ្លូវដែលមានរថយន្តជាច្រើនកំពុងបរពេញផ្លូវ និងបានផ្ទុះឆេះនៅពេលវារុលក្បាលទៅខាងស្ដាំដៃរបស់វា និងបុកទៅនឹងជញ្ជាំងផ្លូវ។
អង្គភាពពន្លត់អគ្គិភ័យ Corona បានឱ្យដឹងថា មនុស្ស ២ នាក់នៅលើយន្តហោះបានរួចផុតពីការគ្រោះថ្នាក់នេះ ហើយក៏មិនបានរងរបួសធ្ងន់ធ្ងរអ្វីដែល បើទោះវាបានប៉ះទង្គិចនឹងរថយន្តទ្រុង ១ គ្រឿង។ ក្នុងហេតុការណ៍នេះក៏មិនបានបង្កគ្រោះថ្នាក់ដល់អ្នកដទៃនោះដែរ។ អគ្គិភ័យនៅកន្លែងកើតហេតុត្រូវបានគ្រប់គ្រងទាន់ពេលវេលាក្រោយពីក្រុមពន្លត់អគ្គិភ័យបានទៅដល់ ប៉ុន្តែ យន្តហោះត្រូវខូចខាតទាំងស្រុង។