ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី កាលពីថ្ងៃទី ១០ សីហា បានឱ្យដឹងថា ប្រទេសនេះនឹងបន្តប្រយុទ្ធប្រឆាំងនឹង រុស្ស៊ី រហូតដល់ពេលដណ្ដើមបាន ឧបទ្វីបគ្រីមៀ (Crime) មកវិញ។
«ការប្រយុទ្ធរបស់ រុស្ស៊ី ប្រឆាំងនឹង អ៊ុយក្រែន និង ទ្វីបអឺរ៉ុបសេរី ទាំងមូល គឺចាប់ផ្ដើមពី គ្រីមៀ ហើយក៏នឹងត្រូវបញ្ចប់ជាមួយនឹងការរំដោះ គ្រីមៀ» លោក ហ្សេឡែនស្គី បានអះអាងនៅក្នុងការថ្លែងតាមរយៈវីដេអូរបស់លោក។
«គ្រីមៀ គឺជាកម្មសិទ្ធិរបស់ អ៊ុយក្រែន ហើយយើងនឹងមិនបោះបង់ទឹកដីនេះជាដាច់ខាត» ប្រធានាធិបតីអ៊ុយក្រែន បញ្ជាក់។ លោក ហ្សេឡែនស្គី យល់ថា នឹងមិនមានសន្តិភាពនៅ សមុទ្រខ្មៅ និង មេឌីទែរណេ ឡើយ «បើសិន រុស្ស៊ី នៅតែប្រើប្រាស់ គ្រីមៀ ជាមូលដ្ឋានទ័ព»។
លោក ហ្សេឡែនស្គី ទទួលស្គាល់ថា ពិតជាមានការលំបាកក្នុងការសន្និដ្ឋានថា នៅពេលណាទើប អ៊ុយក្រែន អាចរំដោះ គ្រីមៀ បាន ប៉ុន្តែ លោកបានអះអាងថា «យើងនឹងនៅតែបន្ថែមវិធានការថ្មីៗទៅក្នុងយុទ្ធសាស្ត្ររំដោះ» តំបន់នេះ។
អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់ រុស្ស៊ី Medvedev បានព្រមានថា បើសិន ក្រុមមន្ត្រីនៅ រដ្ឋធានីកៀវ ប្ដេជ្ញាប្រើប្រាស់កម្លាំងបាយចំពោះ គ្រីមៀ «ពួកគេនឹងត្រូវប្រឈមនឹងថ្ងៃកាត់ទោសភ្លាម»៕