Skip to content

យន្តហោះចម្បាំង​រុស្ស៊ី ជិត​ ១០ គ្រឿង ត្រូវ​បាន​បំផ្លាញ​​ ​ក្នុង​ករណី​ផ្ទុះ​នៅឯ​​ព្រលានយន្តហោះ​គ្រី​មៀ (Crimea)

រូបភាព​ពី​ផ្កាយរណប​បង្ហាញថា យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​របស់ រុស្ស៊ី ត្រូវ​ខូចខាត ក្នុង​គ្រា​ដែល​ឃ្លាំង​អាវុធ​ស្ថិតក្នុង​ស្ថានភាព​ដដែល នៅក្នុង​មូលដ្ឋាន Saki នៅ គ្រី​មៀ បន្ទាប់ពី​ហេតុការណ៍​ផ្ទុះ​ដ៏​ធំ​ជាច្រើន​ករណី​បានកើត​ឡើង។

រូបភាព​ពី​ផ្កាយរណប​ដែល​ប្រកាស​កាលពី​ថ្ងៃទី ១០ សីហា ដោយ​ក្រុមហ៊ុន Planet Labs និង​ត្រូវបាន​ទំព័រ​យោធា​អាម៉េរិក War Zone វិភាគ បានបង្ហាញ​អំពី ឥទ្ធិពល​ពី​ករណី​ផ្ទុះ​នៅឯ​ព្រលានយន្តហោះ​យោធា Saki ក្បែរ​តំបន់ Novofyodorovka លើ ឧបទ្វីប​គ្រី​មៀ មុន​នោះ​មួយថ្ងៃ។

ការខូចខាត ភាគច្រើន​កើតមាន​នៅ​តំបន់​ភាគ​និរតី​នៃ​មូលដ្ឋានទ័ព Saki ជាទី​ដែលមាន​ព្រលានយន្តហោះ និង​លេណដ្ឋាន​ការពារ​យន្តហោះ ចំណែក​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់​ព្រលានយន្តហោះ​នេះ មិន​រង​ការខូចខាត។

«ពេល​ប្រៀបធៀប​ជាមួយនឹង​រូបភាព​មុនពេល​កើតមាន​ហេតុការណ៍​ផ្ទុះ ឃើញថា យន្តហោះ​ចម្បាំង Su-24 ចំនួន ៣ គ្រឿង និង Su-30 ១ គ្រឿង ត្រូវបាន​បំផ្លាញ​នៅលើ​ចំណត​សំខាន់​របស់​យន្តហោះ។ សំណង់​ទាំងឡាយ​ដែល​នៅក្បែរនោះ​ក៏​រង​ការខូចខាត​ក្នុង​កម្រិតផ្សេងៗគ្នា» អ្នកជំនាញ​ផ្នែក​យោធា Joseph Trevithick បានឱ្យដឹង​ដូច្នេះ។

រូបភាព​ពី​ផ្កាយរណប​ក៏បាន​បង្ហាញថា មាន​រណ្ដៅធំៗចំនួន ៤ ដែលមាន​ទំហំ​ប្រហាក់ប្រហែលគ្នា នៅលើ​ចំណត​របស់​យន្តហោះ​ដែលមាន​លេណដ្ឋាន​ការពារ។ យ៉ាងហោចណាស់​ក៏មាន​យន្តហោះ​ចម្បាំង Su-30 និង Su-24 ចំនួន ៣ គ្រឿង ត្រូវបាន​បំផ្លាញ​ទាំងស្រុង​នៅ​ទីតាំង​នេះ ខណៈដែល Su-24 ១ គ្រឿង​ទៀត​ដែល​នៅក្បែរនោះ បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ។

អគ្គិភ័យ​ដ៏​ធំ​មួយ​បាន​ដុត​កម្ទេច​មួយ​ភាគ​ធំ​នៃ​វាលស្មៅ​នៅ​កណ្ដាល​ព្រលានយន្តហោះ ប៉ុន្តែ ឃ្លាំង​អាវុធ​សំខាន់ និង​ទីលាន​ផ្គុំ​អាវុធ​សម្រាប់​យន្តហោះ​ចម្បាំង មិនបាន​រង​ផលប៉ះពាល់។

សាក្សី​បានឱ្យដឹងថា បានឮ​សំឡេង​ផ្ទុះ​យ៉ាងតិច ១២ គ្រាប់ នៅវេលា​ម៉ោង​ប្រហែល ១៥ និង ២០ នាទី ថ្ងៃទី ០៩ សីហា ចេញពី​មូលដ្ឋាន​ទ័ពអាកាស Saki ក្បែរ Novofyodorovka នៅលើ ឧបទ្វីប​គ្រី​មៀ។

ភាគី​ខាង​រុស្ស៊ី និយាយថា ករណី​ផ្ទុះ​នៅឯ​ព្រលានយន្តហោះ​ខាងលើ គឺ​ដោយសារ​ការឆេះ​ឃ្លាំង​អាវុធ ពោលគឺ​មិនមែន​ដោយសារ​ការវាយប្រហារ​ពី អ៊ុយ​ក្រែ​ន ឡើយ។ ចំណែក អ៊ុយ​ក្រែ​ន វិញ​យល់ថា ករណី​ផ្ទុះ​ទាំងនោះ​អាច​បណ្ដាលមកពី​ភាព​អន់​ខ្សោយ​របស់ រុស្ស៊ី ឬ​ដោយសារ​ការ​ឆ្មក់​វាយប្រហារ​ពីស​ត្រូវ​របស់​ប្រទេស​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *