អ្នកទោសជាង ៨០០ នាក់ នៅក្នុងពន្ធនាគារក្រុង Butembo ភាគខាងកើតរបស់ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្កោ បាននាំគ្នា «ហែកគុក» រត់គេចខ្លួន បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងមួយក្រុមបានសម្រុកចូលពន្ធនាគារ បណ្ដាលឱ្យប៉ូលិស ២ នាក់ត្រូវបាត់បង់ជីវិត។
យោងតាមសមត្ថកិច្ចក្នុងតំបន់ ហេតុការណ៍វឹកវរនេះបានកើតឡើងកាលពីថ្ងៃទី ០៩ សីហា។ ព័ត៌មានដំបូងៗបានឱ្យដឹងថា យ៉ាងហោចណាស់មានប៉ូលិស ២ នាក់ និងមនុស្សម្នាក់ទៀតបានបាត់បង់ជីវិត។ អ្នកទោសជាង ៨០០ នាក់ ក្នុងចំណោមអ្នកទោសសរុប ៨៧២ នាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារស្រុក Butembo បានរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវវែកមុខរកក្រុមដែលនៅពីក្រោយការវាយប្រហារ និងការហែកគុកខាងលើ។
អំពើហិង្សាតែងតែកើតមានជាញឹកញាប់នៅភាគខាងត្បូងនៃ សាធារណរដ្ឋកុងហ្កោ ជាទីដែលមានក្រុមប្រដាប់អាវុធជាច្រើន ធ្វើសកម្មភាពរាប់សិបឆ្នាំកន្លងមកហើយ៕