ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន កាលពីថ្ងៃទី ០៩ សីហា បានចុះហត្ថលេខាចុងក្រោយលើសេចក្ដីសម្រេចទទួលយក ស៊ុយអែត និង ហ្វាំងឡង់ ជាសមាជិករបស់ ណាតូ (NATO)។
ការចុះហត្ថលេខានេះគឺជាជំហានចុងក្រោយបង្អស់របស់ សហរដ្ឋអាម៉េរិក ក្នុងដំណើរការនៃការអនុម័តលើលិខិតស្នើសុំឱ្យពិនិត្យលើការដាក់បញ្ចូលជាសមាជិកណាតូ ចំពោះ ប្រទេសហ្វាំងឡង់ និង ស៊ុយអែត។ ថ្លែងនៅក្នុងពិធីចុះហត្ថលេខា លោក បៃដិន ឱ្យដឹងថា សហរដ្ឋអាម៉េរិក គឺជាសម្ព័ន្ធមិត្តទី ២៣ ក្នុងអង្គការណាតូ ដែលបានអនុម័តឱ្យប្រទេសទាំងពីរនេះ ចូលជាសមាជិក។
ហ្វាំងឡង់ និង ស៊ុយអែត បានដាក់ពាក្យសុំចូលជាសមាជិកសម្ព័ន្ធយោធាណាតូ កាលពីថ្ងៃទី ១៨ ឧសភា។ ៣០ ប្រទេសដែលជាសមាជិករបស់ ណាតូ បានចុះហត្ថលេខាលើលិខិតស្នើឱ្យធ្វើការអនុម័តលើពាក្យស្នើសុំរបស់ប្រទេសទាំងពីរខាងលើកាលពីថ្ងៃទី ៣០ ឧសភា។ ហ្វាំងឡង់ និង ស៊ុយអែត នឹងក្លាយជាសមាជិករបស់សម្ព័ន្ធយោធានេះ បន្ទាប់ពីសភារបស់ប្រទេសទាំង ៣០ នៃអង្គការនេះ អនុម័តរួចរាល់៕