មេដឹកនាំតំបន់ Zaporizhzhia ដែលត្រូវបានលើកបន្តុបដោយ រុស្ស៊ី កាលពីថ្ងៃទី ០៨ សីហា បានចុះហត្ថលេខាលើបទបញ្ជាណែនាំពីការធ្វើប្រជាមតិស្ដីពីការបង្រួបបង្រួមទៅក្នុង សហព័ន្ធរុស្ស៊ី។
លោក Yevgeny Balitsky មេដឹកនាំអាជ្ញាធរដែលស្និទ្ធនឹង រុស្ស៊ី នៅតំបន់ Zaporizhzhia បានប្រកាសចាប់ផ្ដើមដំណើរការនេះនៅក្នុងវេទិកាគាំទ្រ រុស្ស៊ី ដែលមានឈ្មោះថា «យើងរួមដំណើរជាមួយប្រទេសរុស្ស៊ី» ដែលត្រូវបានធ្វើឡើងនៅតំបន់ Melitopol ជាទីក្រុងធំជាងគេដែល រុស្ស៊ី បានចូលកាន់កាប់នៅ Zaporizhzhia។
«ខ្ញុំបានចុះហត្ថលេខាលើបទបញ្ជាមួយសម្រាប់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ដើម្បីត្រៀមសម្រាប់ការធ្វើប្រជាមតិស្ដីពីការបម្រួបបង្រួមតំបន់ Zaporizhzhia ទៅក្នុងទឹកដី រុស្ស៊ី» លោក Yevgeny និយាយដូច្នេះ។
សេចក្ដីសម្រេចស្ដីពីការធ្វើប្រជាមតិនេះក៏ធ្លាប់ត្រូវបានលោក Vladimir Rogov ដែលជាសមាជិកម្នាក់នៅក្នុងក្រុមប្រឹក្សាយោធា-ស៊ីវិល Zaporizhzhia ប្រកាសនាពេលកន្លង។ មុននោះ មន្ត្រីរូបនេះនិយាយថា ប្រជាជនតំបន់ Zaporizhzhia និង រុស្ស៊ី គឺជា «ប្រជាជាតិតែមួយ»។
បច្ចុប្បន្ន ផ្ទៃដីប្រមាណ ២/៣ នៅតំបន់ Zaporizhzhia របស់ អ៊ុយក្រែន កំពុងត្រូវបានគ្រប់គ្រងដោយ រុស្ស៊ី។ អ៊ុយក្រែន និងបណ្ដាប្រទេសលោកខាងលិច ប្រកាសថា ការធ្វើប្រជាមតិណាមួយនៅក្នុងតំបន់ដែល រុស្ស៊ី កំពុងកាន់កាប់នៅ អ៊ុយក្រែន គឺសុទ្ធតែជាអំពើខុសច្បាប់៕