Skip to content

ឆេះ​ស្ពាន​បុរាណ​អាយុកាល​ជាង ៩០០ ឆ្នាំ នៅ ប្រទេស​ចិន

ស្ពាន Wan’an ជា​ស្ពាន​ដែលមាន​ដំបូល​ធ្វើ​ពី​ឈើ ស្ថិតនៅក្នុង​ខេត្ត Fujian ប្រទេស​ចិន និង​មាន​ប្រវត្តិ​ជាង ៩០០ ឆ្នាំ ត្រូវបាន​លេប​ត្របាក់​ដោយ​អគ្គិភ័យ នាំឱ្យ​សមត្ថកិច្ច​ក្នុង​តំបន់​បើក​ការស៊ើបអង្កេត​រក​មូល​ហេតុ។

ប្រភពព័ត៌មាន​ពី ប្រទេស​ចិន បានឱ្យដឹងថា ស្ពាន Wan’an នៅ​ទីរួមស្រុក Changqiao ស្រុក Pingnan នៃ​ខេត្ត Fujian ត្រូវបាន​ភ្លើង​ឆាបឆេះ​កាលពី​ព្រលប់​ថ្ងៃទី ០៦ សីហា និង​ត្រូវបាន​ពន្លត់​ក្រោយ​ភ្លើង​ឆេះ​បាន​ជាង ១ ម៉ោង។

ស្ពាន​បុរាណ​នេះ​បាន​ស្រុត​រលំ បន្ទាប់ពី​ត្រូវ​អគ្គិភ័យ​ឆាបឆេះ។ សំណាងល្អ ពុំមាន​មនុស្ស​ស្លាប់ ឬ​រងរបួស​នៅក្នុង​ហេតុការណ៍​នេះ។ អាជ្ញាធរ​ក្នុង​តំបន់ បាន​បង្កើត​ក្រុម​ស៊ើបអង្កេត​មួយ​ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ករណី​អគ្គិភ័យ។

ស្ពាន​បុរាណ Wan’an មាន​ប្រវត្តិ​ជាង ៩០០ ឆ្នាំ ត្រូវបាន​កសាង​ក្នុង​រាជវង្ស​សុង​ខាងជើង។ ស្ពាន​នេះ​ធ្លាប់បាន​ឆេះ​ម្ដង​រួចហើយ​កាលពី​រជ្ជកាល ព្រះ​ចៅ​អធិរាជ​កាង​ស៊ី នៃ​រាជវង្ស ឈី​ង និង​ត្រូវបាន​សាងសង់​ឡើងវិញ​ក្នុង​ឆ្នាំ ១៧៤២ ក្នុង​រជ្ជកាល​ស្ដេច ឆៀន​ឡុង ហើយ​ត្រូវបាន​ជួសជុល​ច្រើនលើក​នៅក្នុង​រជ្ជកាល​ប​ន្ត​បន្ទាប់។

ស្ពាន Wan’an ក៏​ជា​ស្ពាន​បុរាណ​មាន​ដំបូល​ធ្វើ​ពី​ឈើ​វែង​ជាងគេ​នាបច្ចុប្បន្ន​នៅ ប្រទេស​ចិន។ ស្ពាន​នេះ​ឆ្លងកាត់​ទន្លេ Changqiao នេះ មាន​ប្រវែង ៩៨.២ ម៉ែត្រ, ទទឹង ៤.៧ ម៉ែត្រ និង​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​សំខាន់​របស់ ចិន កាលពី​ឆ្នាំ ២០០៦។

https://www.youtube.com/watch?v=r9rYySaGVUQ

Leave a Reply

Your email address will not be published. Required fields are marked *