Skip to content

សភា​ជាន់ខ្ពស់​អាម៉េរិក អនុម័ត​ច្បាប់​ចំណាយ​តម្លៃ ៤៣០ ពាន់​លាន​ដុល្លារ

សភា​ជាន់ខ្ពស់​របស់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ០៧ សីហា បានអនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការចំណាយ​លើ​សុខាភិបាល និង​អាកាសធាតុ តម្លៃ ៤៣០ ពាន់​លាន​ដុល្លារ ដែល​នេះ​នឹង​នាំមក​នូវ​ជោគជ័យ​ដ៏​សំខាន់​សម្រាប់​ប្រធានាធិបតី ចូ បៃ​ដិ​ន។

គម្រោង​ប្រើប្រាស់​ថវិកា ៤៣០ ពាន់​លាន​ដុល្លារ​នេះ​នឹង​រួមមាន បណ្ដា​ខ្ទង់​វិនិយោគធំៗបំផុត​មិន​ធ្លាប់មាន​ពីមុនមក​របស់ សហរដ្ឋ​អាម៉េរិក ទៅលើ​ការដោះស្រាយ​បញ្ហា​អាកាសធាតុ ក្នុងនោះ ខ្ទង់​ប្រាក់ ៣៧០ ពាន់​លាន​ដុល្លារ​នឹងត្រូវ​បាន​ប្រើប្រាស់​ដើម្បី​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឱ្យ ៤០% នៅក្នុង​ឆ្នាំ ២០៣០។

សេចក្ដីព្រាងច្បាប់​នេះ​ត្រូវបាន​គេ​ជឿថា នឹង​នាំមក​នូវ​ជ័យជម្នះ​យ៉ាងច្បាស់​លាស់​សម្រាប់​លោក បៃ​ដិ​ន នៅមុន​ការបោះឆ្នោត​ពាក់កណ្ដាល​អាណ​ត្តិ​នា​ចុងឆ្នាំ​នេះ ព្រមទាំង​ស្ដារ​តួនាទី​នាំមុខគេ​របស់ សហរដ្ឋ​អាម៉េរិក នៅក្នុង​កិច្ចប្រឹងប្រែង​ទប់​ទល់នឹង​បម្រែបម្រួល​អាកាសធាតុ​ពិភពលោក។

ដោយមាន​សេចក្ដីព្រាងច្បាប់​នេះ ពលរដ្ឋ​អាម៉េរិក នឹង​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ឡើងដល់ ៧,៥០០ ដុល្លារ នៅពេល​ទិញ​រថយន្ត​អគ្គិសនី បូករួម​នឹង​ការបញ្ចុះ​តម្លៃ ៣០% នៅពេល​ដំឡើង​ផ្ទាំង​សូ​ឡា​នៅលើ​ដំបូលផ្ទះ។

វា​ក៏​នឹង​ផ្ដល់​រាប់លាន​ដុល្លារ​សម្រាប់​កិច្ចប្រឹងប្រែង​ការពារ និង​ថែរក្សា​ព្រៃឈើ​របស់ សហរដ្ឋ​អាម៉េរិក។ ការលើកលែង​ពន្ធ​រាប់ពាន់​លាន​ដុល្លារ​ក៏​នឹង​ត្រូវបាន​ធ្វើឡើង​សម្រាប់​វិស័យ​ឧស្សាហកម្ម​មួយចំនួន​ដែល​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ដោយ​ជួយ​ឱ្យ​ក្រុមហ៊ុន រោងចក្រ​ទាំងនោះ​ងាក​មកប្រើប្រាស់​ថាមពល​ស្អាត។

សេចក្ដីព្រាងច្បាប់​នេះ​នឹង​កាត់បន្ថយ​ការចំណាយ​ក្នុងការ​ថែទាំ​សុខភាព​របស់ ពលរដ្ឋ​អាម៉េរិក តាមរយៈ​កិច្ចព្រមព្រៀង​ធានារ៉ាប់រង។

សេចក្ដីព្រាងច្បាប់​នេះ​នឹង​ត្រូវបាន​បញ្ចូនទៅ​កាន់ សភា​ជាន់​ទាប​អាម៉េរិក ដើម្បី​ធ្វើការ​អនុម័ត​នៅ​ថ្ងៃទី ១២ សីហា​ខាងមុខ ក្រោយមក នឹងត្រូវ​បញ្ជូន​ទៅកាន់​ប្រធានាធិបតី ចូ បៃ​ដិ​ន ដើម្បី​ចុះហត្ថលេខា​ឱ្យទៅជា​ច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *