រថភ្លើងដឹកអ្នកដំណើរ បាងកក-ស៊ុនង៉ៃ កូឡុក (Bangkok – Sungai Kolok) ត្រូវរងគ្រាប់កាំភ្លើងជាច្រើនគ្រាប់នៅវេលាថ្ងៃត្រង់ទី ០៤ សីហា នៅក្នុងស្រុករូសូ (Rueso) ខេត្ត ណារ៉ាធីវ៉ាត់ (Narathiwat) ភាគខាងត្បូងនៃ ប្រទេសថៃ។
លោក Prachaniwat Buasri មកពីក្រុមហ៊ុនផ្លូវដែករដ្ឋថៃ បានឱ្យដឹងថា រថភ្លើងត្រូវបានគេបាញ់ច្រើនគ្រាប់ចំពីខាងមុខក្បាលម៉ាស៊ីន។ ស្នាមគ្រាប់កាំភ្លើងនៅលើកញ្ចក់ផ្នែកខាងមុខរបស់ក្បាលរថភ្លើងបង្ហាញថា ខ្មាន់កាំភ្លើងមានបំណងសម្លាប់អ្នកបើកបរ ប៉ុន្តែសំណាងល្អ ពួកគេមិនបានរងរបួស។
បន្ទាប់ពីហេតុការណ៍បានកើតឡើង ក្រុមហ៊ុនគ្រប់គ្រងផ្លូវដែកខាងលើក៏បានផ្អាកសេវាកម្មដឹកជញ្ជូនពី បាងកក-ស៊ុនង៉ៃ កូឡុក ដើម្បីស៊ើបអង្កេតរកមូលហេតុ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហេតុការណ៍បាញ់ប្រហារ ការបំផ្ទុះគ្រាប់បែក បានកើតឡើងច្រើនករណីនៅក្នុងតំបន់នានារបស់ ប្រទេសថៃ។ កាលពីថ្ងៃទី ០៣ សីហា មានករណីប្រយុទ្ធគ្នារវាងបុរស ២ ក្រុមនៅក្នុងខេត្ត អ៊ូប៊ុន រ៉ាត់ថានី (Ubon Ratchathani) បណ្ដាលឱ្យមនុស្ស ២ នាក់បាត់បង់ជីវិត និង ៧ នាក់ត្រូវរងរបួស៕