ប្រភពព័ត៌មាននៅ រាជធានីបាងកក បានឱ្យដឹងថា ការចរចាសន្តិភាពលើកទី ៥ រវាង អាជ្ញាធរថៃ និង BRN ដែលជាក្រុមផ្ដាច់ខ្លួននៅតំបន់ភាគខាងត្បូងរបស់ប្រទេសនេះ ត្រូវបានធ្វើឡើងនៅ រាជធានីគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ១ ដល់ទី ២ សីហា ដោយមាន រាជរដ្ឋាភិបាលម៉ាឡេស៊ី ជាអ្នកសម្របសម្រួល។
ក្នុងការចរចានេះ ភាគីថៃ បានស្នើឱ្យមានបទឈប់ប្រើអំពើហិង្សាក្នុងរយៈពេល ១០៨ ថ្ងៃ។ នេះគឺជាការប្រឹងប្រែងថ្មីបំផុតដើម្បីកាត់បន្ថយអំពើហិង្សានៅតំបន់ចុងទក្សិណរបស់ ប្រទេសថៃ បន្ទាប់ពី គំនិតផ្ដួចផ្ដើមសន្តិភាព Ramadan ដែលក្នុងនោះ ភាគីទាំងពីរយល់ព្រមផ្អាករាល់សកម្មភាពអំពើហិង្សាក្នុងរដូវបុណ្យតមអាហាររបស់អ៊ីស្លាមសាសនិក ចាប់ពីថ្ងៃទី ៣ មេសា ដល់ ១៤ ឧសភា។
យោងតាមឧត្តមសេនីយ៍ Wanlop Rugsanoh ប្រធានគណៈកម្មការនៃកិច្ចការចរចាសន្តិភាពរបស់ ប្រទេសថៃ ដំណាក់កាលមិនមានអំពើហិង្សាដែលត្រូវបានស្នើនេះនឹងអូសបន្លាយពេលពីថ្ងៃទី ១៥ សីហា ដល់ ៣០ វិច្ឆិកា និងត្រូវបានហៅថា គំនិតផ្ដួចផ្ដើមសន្តិភាពរដូវបុណ្យភ្ជុំពុទ្ធសាសនា។ ប៉ុន្តែ គំនិតនេះនឹងត្រូវកែសម្រួលបន្តទៀត មុននឹងមានការឯកភាព។
ឧត្តមសេនីយ៍ Wanlop ក៏បានឱ្យដឹងថា រាជរដ្ឋាភិបាលថៃ ត្រៀមខ្លួនជានិច្ចក្នុងការចរចាសន្តិភាពជាមួយនឹងបណ្ដាក្រុមបះបោរផ្សេងទៀត រួមមានទាំង អង្គការរំដោះឯកភាព Patani (Pulo) ជាក្រុមដែលត្រូវបានគេជឿថា ជាអ្នកនៅពីក្រោយករណីបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី ១៥ មេសាកន្លងទៅ។
យោងតាម អង្គការតាមដានតំបន់ចុងទក្សិណរបស់ថៃ ចាប់តាំងពីការបះបោរបានផ្ទុះឡើងកាលពីឆ្នាំ ២០០៤ មនុស្សជាង ៧,០០០ នាក់បានស្លាប់ និងជាង ១៣,៥០០ នាក់ផ្សេងទៀត ត្រូវរងរបួស នៅក្នុងករណីអំពើហិង្សាដែលកើតមាននៅពាសពេញតំបន់ភាគខាងត្បូងរបស់ ប្រទេសថៃ រួមមានខេត្ត Narathiwat, Pattani និង Yala៕