Skip to content

បណ្ដា​កោះ​គ្រប់គ្រង​ដោយ តៃវ៉ាន់ ដែល​នៅ​កៀក​នឹង ចិនដីគោក បំផុត

កោះ​ស្ថិតក្នុង​ការកាន់កាប់រ​បស់ អាជ្ញាធរ​ក្រុង​តៃប៉ិ ដែល​ស្ថិត​នៅក្បែរ​បំផុត​ធៀប​នឹង​ទឹកដី​ដែល​គ្រប់គ្រង​ដោយ អាជ្ញាធរ​ទីក្រុង​ប៉េកាំង រួមមាន កោះ​នៅក្នុង​ប្រជុំ​កោះ Kinmen, ប្រជុំ​កោះ Wuqiu និង​កោះ​នៅក្នុង​ប្រជុំ​កោះ Matsu។

ទីមួយ ៖ ប្រជុំកោះ Kinmen

Kinmen ឬ​ហៅថា Quemoy គឺជា​ប្រជុំ​កោះ​ដែល​គ្រប់គ្រង​ដោយ សាធារណរដ្ឋ​ចិន (ចិនតៃវ៉ាន់) និង​ស្ថិតនៅ​ភាគ​និរតី​នៃ​ឆ្នេរសមុទ្រ​របស់ សាធារណរដ្ឋ​ប្រជាមានិត​ចិន (ចិនដីគោក)។ វា​ស្ថិតនៅ​ចម្ងាយ​ប្រហែល ១០ គីឡូម៉ែត្រ ពី​ទីក្រុង Xiamen នៃ​ខេត្ត Fujian។ ប្រជា​កោះ Kinmen មាន​ចម្ងាយ​ពី​ឆ្នេរ​របស់ កោះ​តៃវ៉ាន់ ប្រហែល ១៨៧ គីឡូម៉ែត្រ ទៅ​ទិស​ខាងលិច ធៀប​នឹង ច្រក​សមុទ្រ​តៃវ៉ាន់។

នៅលើ​ប្រជុំ​កោះ Kinmen នេះ ធ្លាប់មាន​ការប្រយុទ្ធ​គ្នាច្រើន​លើក​រវាង កងទ័ព​ចិនដីគោក និង កងទ័ព​ចិនតៃវ៉ាន់ ក្នុងនោះ ជម្លោះ​ប្រដាប់អាវុធ​កាលពី​ឆ្នាំ ១៩៥៨ មាន​សភាព​ធ្ងន់ធ្ងរ​ជាងគេ។

ទី​ពីរ ៖ ប្រជុំកោះ Wuqiu

Wuqiu (Wuchiu, Wuciou, Ockseu) គឺជា​ប្រជុំ​កោះ​ដែលមាន​កោះ​សំខាន់​ចំនួន ២ នោះ​គឺ Greater Qiu Islet និង Smaller Qiu Islet ដែល​ស្ថិតនៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់។

ចំពោះ​រដ្ឋបាល ទីរួមស្រុក Wuqiu ស្ថិតក្នុង​ការគ្រប់គ្រង​របស់ ចិនតៃវ៉ាន់ និង​ស្ថិតនៅក្នុង​រយៈ​ចម្ងាយ​ពី​កំពង់ផែ Taichung របស់ តៃវ៉ាន់ ប្រហែល ១៣៥ គីឡូម៉ែត្រ។ Wuqiu មាន​ចម្ងាយ​តែ ១៧ គីឡូម៉ែត្រ​ប៉ុណ្ណោះ ធៀប​នឹង​កោះ Luci (Lusi) ដែល​គ្រប់គ្រង​ដោយ ចិនដីគោក។ ចំណែក កោះ Greater Qiu គឺជា​ទីតាំង​នៃ​បង្គោល​ភ្លើង​ហ្វា Wuqiu របស់ ចិនតៃវ៉ាន់។

ទី​បី ៖ ប្រជុំកោះ Matsu

Matsu (Lienchiang) គឺជា​ប្រជុំ​កោះ​ដែលមាន​កោះ​តូចធំ​ចំនួន ៣៦ នៅ សមុទ្រ​ចិន​ខាងកើត ដែល​គ្រប់គ្រង​ដោយ ចិនតៃវ៉ាន់ ហើយ​ស្ថិត​នៅក្បែរ និង​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ភាគ​អាគ្នេយ៍​របស់ ចិនដីគោក។

Lienchiang ត្រូវបាន​បំបែក​ពី សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ សាធារណរដ្ឋ​ចិន ក្រោយ​សង្គ្រាម​ស៊ី​រិល កាលពី​ឆ្នាំ ១៩៤៩៕

Leave a Reply

Your email address will not be published. Required fields are marked *