កងកម្លាំងការពារកោះតៃវ៉ាន់ កំពុងរៀបផែនការនានាដើម្បីត្រៀមទប់ទល់នឹងស្ថានការណ៍អាសន្ន និងប្ដេជ្ញាការពារកោះនេះនៅចំពោះមុខការគំរាមកំហែងទាំងឡាយ ទាក់ទិននឹងដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក។
«យើងកំពុងត្រៀមផែនការជាច្រើនយ៉ាងល្អិតល្អន់ ហើយកម្លាំងសមស្របនឹងត្រូវបានដាក់ពង្រាយដើម្បីប្រតិកម្មទៅតាមការកំណត់ស្ដីពីការទប់ទល់នឹងស្ថានការណ៍អាសន្ន និងការគំរាមកំហែងដែលបង្កឡើងដោយគូបដិបក្ខ» កងកម្លាំងការពារកោះតៃវ៉ាន់ ថ្ងៃនេះបានប្រកាសដូច្នេះ។
ចំណែកមេដឹកនាំស្ថាប័នប្រតិបត្តិរបស់ តៃវ៉ាន់ លោក Su Tseng-chang បានឱ្យដឹងថា កោះតៃវ៉ាន់ ស្វាគមន៍ អបអរសាទរដំណើរទស្សនកិច្ចរបស់ភ្ញៀវបរទេស។
«តៃវ៉ាន់ នឹងមានការរៀបចំឱ្យសមស្របបំផុត» សម្រាប់ទទួលភ្ញៀវដូច្នេះ និងគោរពចំពោះគម្រោងរបស់ពួកគេ នេះបើតាមលោក Su Tseng-chang ដែលបានប្រាប់អ្នកយកព័ត៌មាននៅ តៃប៉ិ នៅពេលត្រូវបានសួរអំពីដំណើរទស្សនកិច្ចរបស់ ប្រធានសភាជាន់ទាបអាម៉េរិក លោកស្រី Pelosi។
ការអធិប្បាយនេះត្រូវបានលើកឡើងបន្ទាប់ពី អាជ្ញាធរចិនដីគោក បានព្រមានខ្លាំងៗ និងគូសវាសបន្ទាត់ក្រហម ក្រោយពីប្រភពព័ត៌មានពី មន្ត្រីអាម៉េរិក និង តៃវ៉ាន់ បានឱ្យដឹងថា ប្រធានសភាជាន់ទាប់អាម៉េរិក លោកស្រី Nancy Pelosi នឹងបំពេញទស្សនកិច្ចនៅ កោះតៃវ៉ាន់ ដោយស្នាក់នៅមួយយប់ ហើយគ្រោងនឹងជួប មេដឹកនាំ Tsai Ing-wen នៅថ្ងៃទី ០៣ សីហា។
អ្នកនាំពាក្យរបស់ ក្រសួងការបរទេសចិន លោក Zhao Lijian កាលពីសប្ដាហ៍កន្លងបានថ្លែងថា កងទ័ពចិន នឹង «មិននៅស្ងៀម» បើសិនលោកស្រី Pelosi មកកាន់ កោះតៃវ៉ាន់ និងបានព្រមានថា សហរដ្ឋអាម៉េរិក នឹងត្រូវរងផលប៉ះពាល់ផ្នែកនយោបាយធ្ងន់ធ្ងរ បើសិនដំណើរទស្សនកិច្ចនេះកើតឡើង៕