ការបាញ់គ្រាប់ផ្លោងវាយប្រហាររបស់ រុស្ស៊ី ទៅលើទីក្រុង Mykolaiv ត្រូវបានគេជឿថា បានបណ្ដាលឱ្យស្វាមី-ភរិយាមួយគូដែលជាម្ចាស់ក្រុមហ៊ុននាំចេញធញ្ញជាតិធំជាងគេនៅ អ៊ុយក្រែន បាត់បង់ជីវិត។
សំឡេងប្រកាសអាសន្នថាមានការបាញ់ប្លោងដំបូងបានបន្លឺឡើងនៅទីក្រុងកំពង់ផែ Mykolaiv ភាគខាងត្បូងនៃ ប្រទេសអ៊ុយក្រែន កាលពីម៉ោង ១ និង ១ នាទី ព្រឹកថ្ងៃទី ៣១ កក្កដា និងអូសបន្លាយរយៈពេល ៤ ម៉ោងពេញ នេះបើតាមន្ត្រីមូលដ្ឋាន។
មកដល់វេលាទៀបភ្លឺ សណ្ឋាគារមួយកន្លែង តំបន់កីឡដ្ឋានមួយកន្លែង សាលារៀនពីរកន្លែង មជ្ឈមណ្ឌលផ្ដល់សេវាកម្មមួយកន្លែង និងផ្ទះជាច្រើនខ្នងត្រូវបានបំផ្លាញដោយគ្រាប់ប្លោងរបស់ រុស្ស៊ី។ កំពូលអ្នកមានម្នាក់របស់ អ៊ុយក្រែន គឺលោក Oleksiy Vadatursky និងភរិយារបស់គាត់ ស្ថិតក្នុងចំណោមជនរងគ្រោះដែលបានបាត់បង់ជីវិត នៅក្នុងអ្វីដែល ប្រធានាធិបតីអ៊ុយក្រែន បានហៅថា ជា «ការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយ» រាប់ចាប់ពីពេលសង្គ្រាមបានផ្ទុះឡើង។
Nibulon ដែលជាក្រុមហ៊ុនរបស់លោក Vadatursky បានបញ្ជាក់ថា មហាសេដ្ឋីរូបនេះ និងភរិយារបស់គាត់ បានបាត់បង់ជីវិតនៅក្នុងគេហដ្ឋានរបស់ពួកគាត់។
លោក Vadatursky មានទ្រព្យ ៤៥០ លានដុល្លារអាម៉េរិក នេះបើតាមការគណនាកាលពីឆ្នាំ ២០២០ របស់ Forbes។ ក្រុមហ៊ុន Nibulon របស់សេដ្ឋីរូបនេះគឺជាអ្នកផលិត និងនាំចេញធញ្ញជាតិ ដូចជា ស្រូវសាលី និងពោតជាដើម និងមានក្រុមកប៉ាល់ដឹកជញ្ជូន ព្រមទាំងមានរោងចក្រផលិតកប៉ាល់ផងដែរ។
ប្រធានាធិបតី ហ្សេឡែនស្គី បានអធិប្បាយអំពីការស្លាប់របស់លោក Vadatursky ថា ជាការ «បាត់បង់ដ៏ធំចំពោះ ប្រទេសជាតិអ៊ុយក្រែន ទាំងមូល»។
ភាគីខាង រុស្ស៊ី មិនទាន់មានប្រតិកម្មអ្វីទៅនឹងការស្លាប់របស់ សេដ្ឋីអ៊ុយក្រែន និងការចោទប្រកាន់របស់ ប្រធានាធិបតី ហ្សេឡែនស្គី ខាងលើនេះនៅឡើយ៕