បុគ្គលិកពន្លត់អគ្គិភ័យម្នាក់នៅភាគខាងត្បូងនៃ ប្រទេសបារាំង បានបង្កឱ្យមានករណីភ្លើងឆេះព្រៃជាច្រើនកន្លែង ក្នុងបំណងស្វែងរកភាពរំជើបរំជួល និង «ត្រូវបានសង្គមទទួលស្គាល់»។
បុរសវ័យជាង ៣០ ឆ្នាំ ដែលមិនទាន់ត្រូវបានប្រកាសអំពីអត្តសញ្ញាណ និងជាបុគ្គលិកពន្លត់អគ្គិភ័យស្ម័គ្រចិត្តនៅតំបន់ Herault ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៧ កក្កដា និងកំពុងរង់ចាំពេលឡើងតុលាការ។ រដ្ឋអាជ្ញា នៅទីក្រុង Montpellier លោក Fabrice Belargent បានឱ្យដឹងដា បុរសនេះបានសារភាពថា បានប្រើប្រាស់ដែកកេះដុតព្រៃកាលពីថ្ងៃទី ២៦ ឧសភា, ២១ កក្កដា និងថ្មីៗនេះគឺនៅយប់ថ្ងៃទី ២៦-២៧ កក្កដា។
«នៅពេលត្រូវបានសួរអំពីមូលហេតុ ជននេះសារភាពថា ធ្វើឡើងក្នុងបំណងធ្វើឱ្យក្រុមហ៊ុនពន្លត់អគ្គិភ័យចេញធ្វើអន្តរាគមន៍ ដើម្បីសង្គ្រោះខ្លួនគេពីបរិស្ថានគ្រួសារដ៏ស្មុគស្មាញ និងដើម្បីភាពរំជើបរំជួលដែលការអន្តរាគមន៍នេះនាំមកឱ្យខ្លួន» លោក Belargent ឱ្យដឹងដូច្នេះ។
បុរសខាងលើនេះ ធ្វើការពេញម៉ោងក្នុងតួនាទីជាមន្ត្រីអនុរក្សព្រៃឈើ ទទួលខុសត្រូវចម្បងក្នុងការទប់ស្កាត់ និងពន្លត់អគ្គិភ័យ។
មេធាវីរបស់ជនសង្ស័យនេះបានឱ្យដឹងថា ពេលត្រូវបានសួរនាំ កូនក្ដីរបស់គាត់ «បានបង្ហាញអំពីវិប្បដិសារី និងមានការខ្មាស់អៀនខ្លាំងណាស់។ គាត់មានអារម្មណ៍ធូរស្រាលក្នុងចិត្តព្រោះតែត្រូវចាប់ខ្លួន ហើយបាននិយាយថា នោះ (អំពើដុតព្រៃ) គឺជាអាការរោគញៀន»។
សារព័ត៌មាននានារបស់ បារាំង បានហៅករណីនេះថា «បុគ្គលិកពន្លត់អគ្គិភ័យ ឆ្កួតនឹងការបង្កអគ្គិភ័យ»។ បើសិនជាត្រូវបានកាត់ទោស បុរសនេះត្រូវប្រឈមនឹងការជាប់ពន្ធនាគារ ១៥ ឆ្នាំ និងត្រូវបង់ប្រាក់ពិន័យជាង ១៥០,០០០ ដុល្លារអាម៉េរិក៕