Skip to content

នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ អំពាវនាវ​ឱ្យ​បោះបង់​ក្រវាត់ក ដើម្បី​ចូល​រួម​សំច័យ​ថាមពល​អគ្គិសនី

នាយករដ្ឋមន្ត្រី Sanchez បាន​បង្ហើប​ឱ្យដឹងថា លោក​ផ្អាក​ការប្រើប្រាស់​ក្រវាត់ក ដើម្បី​សំច័យ​ថាមពល​អគ្គិសនី និង​អំពាវនាវ​​ដល់​​ក្រុម​រដ្ឋមន្ត្រី បុគ្គលិក​ការិយាល័យ ​ឱ្យ​យកតម្រាប់​តាម។

នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ លោក Pedro Sanchez កាលពី​ថ្ងៃទី ២៩ កក្កដា បានបង្ហាញ​វត្តមាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​គម្រោង​សន្សំសំច័យ​ថាមពល​របស់​រាជរដ្ឋាភិបាល។ លោក Sanchez ពាក់អាវ​ក្នុង​ពណ៌​ស មិន​បិទ​ឡេវ​កអាវ និង​ពាក់​​អាវធំ​ក្រៅ។

«ខ្ញុំ​ចង់ឱ្យ​គ្រប់គ្នា​ចាប់អារម្មណ៍​ថា ខ្ញុំ​មិន​ពាក់​ក្រវាត់ក។ ប្រការនេះ​មានន័យថា យើងទាំងអស់គ្នា​សុទ្ធតែ​អាច​សន្សំសំច័យ​ថាមពល» លោក Sanchez ថ្លែង​ដូច្នេះ។ «ខ្ញុំ​បាន​ស្នើឱ្យ​រដ្ឋមន្ត្រី មន្ត្រីរាជការ ហើយ​ខ្ញុំ​ចង់ឱ្យ​បុគ្គលិក​ការិយាល័យ​ឯកជន ចូលរួម​អនុវត្ត មិន​ពាក់​ក្រវាត់ក បើសិន​មិនចាំបាច់»។

ការអំពាវនាវ​របស់ នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​អេ​ស្ប៉ា​ញ បាន​អំពាវនាវ​ឱ្យ​បើក​ម៉ាស៊ីនត្រជាក់​ត្រឹម ២៧ អង្សា​សេ ខ្ពស់ជាង​ឆ្ងាយ ធៀប​នឹង​គ្រប់គ្នា​តែងតែ​ប្រើប្រាស់។ ក្រសួងបរិស្ថាន​អេ​ស្ប៉ា​ញ បានឱ្យដឹងថា «បើសិន​ប្រើប្រាស់​រួមផ្សំ​ជា​មួយ​នឹង​កង្ហារ អ្នកនឹង​កាត់បន្ថយ​អគ្គិសនី​បាន​ពាក់កណ្ដាល»។

នាយករដ្ឋមន្ត្រី Sanchez បញ្ជាក់ថា រាជធានី​ម៉ា​ឌ្រី​ដ នឹង​ប្រកាស​វិធានការ​បន្ទាន់​នៅ​ដើម​សប្ដាហ៍​ក្រោយ ដើម្បី​កែលម្អ​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់ និង​សន្សំសំច័យ​ថាមពល ក្នុង​គ្រា​ដែល​ប្រទេស​នេះ និង សហភាព​អឺរ៉ុប ក៏ដូចជា​ពិភពលោក កំពុង​ប្រឈម​នឹង​បញ្ហា​ឡើងថ្លៃ និង​កង្វះ​ឧស្ម័ន និង​ឧ​ន្ធ​នៈ​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ៕

Leave a Reply

Your email address will not be published. Required fields are marked *