Skip to content

ប៉ូឡូញ ទិញ​រថក្រោះ​របស់ កូរ៉េខាងត្បូង ជិត ១,០០០ គ្រឿង ក្រោយ​ការ​ជួយ​ អ៊ុយក្រែន​ មួយ​ភាគ​ធំ

អាជ្ញាធរ​ប៉ូឡូញ បានបញ្ជាក់​អំពី​គម្រោង​ទិញ​រថក្រោះ K2 របស់ កូរ៉េខាងត្បូង ចំនួន ៩៨០ គ្រឿង រួម​នឹង​យន្តហោះ​ចម្បាំង FA-50 ជិត ៥០ គ្រឿង និង​កាំភ្លើង​ធំចល័ត​ ៤៨ ដើម។

ប្រកាស​នៅលើ​គេហទំព័រ​របស់ ក្រសួងការពារជាតិ​ប៉ូឡូញ បានឱ្យដឹងថា នេះ​នឹង​ក្លាយជា​ការទិញ​អាវុធ​សំខាន់បំផុត និង​ទ្រង់ទ្រាយ​ធំ​បំផុត​របស់ ប៉ូឡូញ នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

កិច្ចព្រមព្រៀង​ទិញដូរ​អាវុធ​ខាងលើ​នឹង​ត្រូវបាន​អនុវត្ត​ជា​ពីរ​ដំណាក់កាល។ ដំណាក់កាល​ទីមួយ កូរ៉េខាងត្បូង នឹង​ប្រគល់​រថក្រោះ K2 Black Panther ចំនួន ១៨០ គ្រឿង, កាំភ្លើង​ធំ​ចល័ត K9 Thunder ចំនួន ៤៨ គ្រឿង ដោយ​ចាប់ផ្ដើម​ពី​ឆ្នាំនេះ ដើម្បី​ប៉ះប៉ូវ​​កន្លែង​ទំនេរ បន្ទាប់ពី ប៉ូឡូញ បានផ្ដល់​ជំនួយ​ជា​អាវុធ​តម្លៃ​យ៉ាងតិច ១.៧ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន។

ដំណាក់កាល​ទី​ពីរ ទីក្រុង​វ៉ា​សូវី នឹង​បានទទួល​រថក្រោះ K2 Black Panther​ ចំនួន ៨០០ គ្រឿង​បន្ថែមទៀត។ ប៉ូឡូញ ក៏មាន​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​ធុន​ស្រាល FA-50 ចំនួន ៤៨ គ្រឿង ក្នុងនោះ ១២ គ្រឿង​ដំបូង​នឹងត្រូវ​បានប្រគល់​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០២៣។

បច្ចុប្បន្ន ​មិនទាន់​ដឹងថា ការ​ទិញដូរ​អាវុធ​នេះ​មានតម្លៃ​ប៉ុន្មាន​​នៅឡើយ។ ប៉ុន្តែ ក្រុមហ៊ុន​ម៉ៅការ​ផ្នែក​ការ​ពារ​ជាតិ Korea Aerospace Industries (KAI) របស់ កូរ៉េខាងត្បូង បានឱ្យដឹងថា យន្តហោះ​ចម្បាំង FA-50 ចំនួន ៤៨ គ្រឿង​នេះ​មានតម្លៃ​ប្រហែល ៣ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ចំណែក​ក្រុមហ៊ុន Forecast International របស់ សហរដ្ឋ​អាម៉េរិក បាន​អះអាងថា កិច្ចព្រមព្រៀង​នេះ​អាចមាន​តម្លៃ​ខ្ពស់ជាង​ថវិកា​ការពារជាតិ​សរុប ១៤.១ ពាន់​លាន​ដុល្លារ​អាម៉េរិក របស់ ប៉ូឡូញ នៅ​ក្នុង​​ឆ្នាំនេះ​ទៅ​ទៀត​៕

យន្តហោះចម្បាំងធុនស្រាល FA-50
កាំភ្លើងធំ​ចល័ត ឬ​ហៅ​ថា រថក្រោះ K2 Black Panther
កាំភ្លើង​ធំ​ចល័ត K9 Thunder

Leave a Reply

Your email address will not be published. Required fields are marked *