Skip to content

លោក ស៊ី​ជីន​ពីង ព្រមាន​លោក បៃ​ដិ​ន ថា «កុំ​ប្រលែង​ជាមួយ​ភ្លើង»

ប្រធានាធិបតី​ចិន បាន​ព្រមាន​ដល់ ប្រធានាធិបតី​អាម៉េរិក ថា មិនគួរ «ប្រលែង​ជាមួយ​ភ្លើង» នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជាង ២ ម៉ោង គ្រា​ដែល​ភាព​តានតឹង​កំពុង​កើនឡើង​ជុំវិញ​បញ្ហា កោះ​តៃវ៉ាន់។

«អ្នក​ដែល​ប្រលែង​ជាមួយនឹង​ភ្លើង នឹងត្រូវ​រលាក។ ខ្ញុំ​សង្ឃឹមថា ភាគី​អាម៉េរិក ពិតជា​យល់ច្បាស់​អំពី​ប្រការ​នោះ» ទីភ្នាក់ងារសារព័ត៌មាន Xinhua ស្រង់​សម្ដី ប្រធានាធិបតី​ចិន ស៊ី ជី​ពីង ថ្លែង​ទៅកាន់ ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ កាលពី​ថ្ងៃទី ២៨ កក្កដា។

«គោលជំហរ​របស់​រដ្ឋា​ភិ​បាល និង​ប្រជាជន​ចិន ស្ដីពី តៃវ៉ាន់ គឺជា​រឿង​ឯកភាព​ទាំងស្រុង។ ឆន្ទៈ​ដ៏​មោះមុត​របស់ ប្រជាជន​ចិន ជាង ១.៤ ពាន់​លាន​នាក់ គឺ​ការការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់ ចិន» លោក ស៊ី ជី​ពីង បន្ថែម​ដូច្នេះ។

យោងតាម Xinhua មេដឹកនាំ​ទាំងពីរ​សុទ្ធតែ​បាន​អធិប្បាយ​ថា ការសន្ទនា​តាម​ទូរស័ព្ទ​នេះ «ប្រកបដោយ​ភាព​ត្រង់​ទៅ​ត្រង់​មក និង​ស៊ីជម្រៅ។

សេត​វិមាន​បានឱ្យដឹងថា ការសន្ទនា​នេះ​ចាប់ផ្ដើម​ពី​ម៉ោង ៨ និង ៣៣ នាទី (ម៉ោង​នៅ កម្ពុជា) និង​បញ្ចប់​ក្រោយ​រយៈពេល ២ ម៉ោង និង ១៧ នាទី។ «ប្រធានាធិបតី បៃ​ដិ​ន សង្កត់ធ្ងន់ថា គោលនយោបាយ​របស់ សហរដ្ឋ​អាម៉េរិក មិន​ផ្លាស់ប្ដូរ ហើយ អាម៉េរិក ប្រឆាំង​យ៉ាងខ្លាំង​ក្លា​ចំពោះ​ការប្រឹងប្រែង​ជា​ឯកតោភាគី​ដើម្បី​ផ្លាស់ប្ដូរ​ស្ថានការណ៍ ឬ​បំផ្លាញ​សន្តិភាព ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់» ប្រកាស​របស់ សេត​វិមាន ស្ដីពី​លទ្ធផល​នៃ​កិច្ចសន្ទនា ឱ្យដឹង​ដូច្នេះ។

នេះ​គឺជា​កិច្ចសន្ទនា​លើក​ទី​ប្រាំ រវាង​មេដឹកនាំ​របស់ សហរដ្ឋ​អាម៉េរិក និង ចិន រាប់​ចាប់តាំងពី​លោក បៃ​ដិ​ន បាន​ឡើងកាន់​អំណាច​កាលពី​ខែមករា ២០២១។

កិច្ចសន្ទនា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងពេលដែល​ប្រទេស​ទាំងពីរ​នេះ​ត្រូវ​ប្រឈម​នឹង​ភាព​តានតឹង​ជុំវិញ​បញ្ហា កោះ​តៃវ៉ាន់ និង​ពាណិជ្ជកម្ម។

ចិន ចាត់ទុក កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​មិនអាច​កាត់ផ្ដាច់​បាន ដោយ​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ ហើយ​ថា នឹង​ប្រើ​កម្លាំងបាយ​បើសិនជា​ចាំបាច់។

សហរដ្ឋ​អាម៉េរិក មិនបាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយនឹង កោះ​តៃវ៉ាន់ ប៉ុន្តែ គឺជា​ភាគី​ដែល​ផ្គត់ផ្គង់​អាវុធ​ចម្បង​សម្រាប់​កោះ​នេះ។

ប្រធាន​សភាព​ជាន់​ទាប​អាម៉េរិក លោកស្រី Nancy Pelosi ត្រូវបាន​គេ​ជឿថា មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់ នៅក្នុង​ខែសីហា។ ប្រការនេះ​បានធ្វើឱ្យ អាជ្ញាធរ​ចិនដីគោក មានប្រតិកម្ម​យ៉ាង​ម៉ឺងម៉ាត់៕

Leave a Reply

Your email address will not be published. Required fields are marked *