មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអុន បានឱ្យដឹងថា ទីក្រុងព្យុងយ៉ាង បានត្រៀមខ្លួនរួចរាល់ក្នុងការប្រមូល និងពង្រាយកម្លាំងនុយក្លេអែរ ដើម្បីប្រឈមមុខនឹងការផ្ទុះសង្គ្រាមជាមួយ សហរដ្ឋអាម៉េរិក និង កូរ៉េខាងត្បូង។
«ជាថ្មីម្ដងទៀត ខ្ញុំអះអាងថា កូរ៉េខាងជើង តែងតែត្រៀមខ្លួនរួចរាល់សម្រាប់ការពង្រាយកម្លាំងកំញើញដោយអាវុធនុយក្លេអែរ ចំពោះការប្រឈមមុខជាមួយ សហរដ្ឋអាម៉េរិក» ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ថ្ងៃនេះ ដកស្រង់សម្ដីរបស់លោក គីម ជុងអុន ថ្លែងនៅក្នុងព្រឹត្តិការណ៍រម្លឹកខួប ៦៩ ឆ្នាំនៃការបញ្ចប់សង្គ្រាមកូរ៉េ។
លោក គីម ជុងអុន ក៏បានព្រមានដល់ អាជ្ញាធរប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ដោយបានឱ្យដឹងថា រាល់ការប្រឹងប្រែងក្នុងការវាយប្រហារលើ កូរ៉េខាងជើង នឹងត្រូវបានឆ្លើយតបដោយ «ការប្រល័យ»។ លោកបន្តថា «អាជ្ញាធរ និង កងទ័ពកូរ៉េខាងត្បូង ពិតជាខុសធ្ងន់ បើសិនពួកគេជឿថា អាចបិទដំណើរការ ឬកម្ទេចមួយផ្នែកនៃកងទ័ពរបស់ កូរ៉េខាងជើង ដោយវិធានការយោធា»។
ការព្រមានរបស់លោក គីម ជុងអុន ត្រូវបានលើកឡើងក្នុងគ្រាដែល ក្រុមមន្ត្រីអាម៉េរិក និង កូរ៉េខាងត្បូង ច្រើនខែមកនេះ យល់ថា កូរ៉េខាងជើង បានត្រៀមខ្លួនរួចរាល់សម្រាប់ការសាកល្បងអាវុធនុយក្លេអែរលើកទី ៧ នៅវាលតេស្តនុយក្លេអែរក្រោមដី Punggye-ri។ នេះនឹងក្លាយជាការសាកល្បងនុយក្លេអែរដំបូងរបស់ ទីក្រុងព្យុងយ៉ាង រាប់ចាប់តាំងពីខែកញ្ញា ២០១៧។
«ពិបាកក្នុងការរកឃើញតួលេខច្បាស់លាស់ ប៉ុន្តែ យើងយល់ថា កូរ៉េខាងជើង ចម្រាញ់សារធាតុ ប្លាតូនីញ៉ូម និងអ៊ុយរ៉ាញ៉ូម (plutonium and uranium) បានប្រហែល ១០% បន្ថែមទៀត» រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup ថ្លែងនៅក្នុងសភាកាលពីថ្ងៃទី ២៦ កក្កដា បន្ទាប់ពីត្រូវបានសួរថា កូរ៉េខាងជើង ផលិតអាវុធនុយក្លេអែរ បានប៉ុន្មានហើយ រាប់ចាប់ពីក្រោយសន្និសីទកំពូលកូរ៉េខាងត្បូង-កូរ៉េខាងជើង កាលពីខែមេសា ២០១៨។
លោក Lee ជឿថា កូរ៉េខាងជើង អាចសាកល្បងអាវុធនុយក្លេអែរ គ្រប់ពេល អាស្រ័យលើមេដឹកនាំ គីម ជុងអុន។ លោករដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង អធិប្បាយថា កម្មវិធីនុយក្លេអែរ របស់ កូរ៉េខាងជើង គឺជា «ការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះ កូរ៉េខាងត្បូង និងសហគមន៍អន្តរជាតិ»៕