Skip to content

កូរ៉េខាងត្បូង នឹង​បាញ់​បង្ហោះ​យានអវកាស​ដំបូង ឡើងទៅ​ឋាន​ព្រះ​ចន្ទ

កូរ៉េខាងត្បូង ជិត​បាន​ក្លាយជា​ប្រទេស​ទី ៧ ក្នុង​ពិភពលោក​ដែល​បាញ់​បង្ហោះ​យានអវកាស​ស្រាវជ្រាវ​ឋាន​ព្រះ​ចន្ទ​ដំបូង​របស់ខ្លួន ដែល​គ្រោង​នឹង​គោចរ​ជុំវិញ​ភព​រណប​នេះ​យ៉ាងតិច ១ ឆ្នាំ។

Korea Pathfinder Lunar Orbiter (KPLO) ដែលជា​យានអវកាស​គោចរ​ជុំវិញ​ព្រះ​ចន្ទ​ដំបូង​របស់ កូរ៉េខាងត្បូង គ្រោង​នឹង​ហោះ​ឡើងទៅ​កាន់​ទី​អវកាស​ដោយ​ប្រើប្រាស់​រ៉ុក្កែត Falcon 9 របស់ SpaceX ពី​មូលដ្ឋាន​ទ័ពអាកាស Cape Canaveral នៅ Florida សហរដ្ឋ​អាម៉េរិក ក្នុង​ថ្ងៃទី ២ សីហា​ខាងមុខ។

កាលពី​ខែឧសភា​ឆ្នាំនេះ KPLO ត្រូវបាន​ដាក់ឈ្មោះថា Danuri ដែលជា​ពាក្យ​រួមផ្សំ​ពី​ពាក្យ «ព្រះ​ចន្ទ» និង «រីករាយ» ក្នុង​ភាសា​កូរ៉េ។ បេសកកម្ម​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​ជំហាន​ដំបូង​ក្នុង​កម្មវិធី​អវកាស​ឆ្ងាយ​របស់ កូរ៉េខាងត្បូង ដែល​រួមមាន ការនាំ​រ៉ូ​បូត​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ ២០៣០ និង​បេសកកម្ម​នាំយក​សំណាក​ដី​ព្រះ​ចន្ទ​មកកាន់​ផែនដី។

Danuri មាន​ទម្ងន់​ប្រហែល ៤១៨ គីឡូក្រាម, ទទឹង ១.៨២ ម៉ែត្រ, បណ្ដោយ ២.១៤ ម៉ែត្រ និង​កម្ពស់ ២.២៩ ម៉ែត្រ។ វិទ្យាស្ថាន​ស្រាវជ្រាវ​អវកាស​ចរណ៍​កូរ៉េខាងត្បូង (KARI) បានឱ្យដឹងថា Danuri ស្រាល​ជាង​យានអវកាស​របស់​ប្រទេស​ដទៃ។

Danuri នឹង​ត្រូវបាន​បំពាក់​ឧបករណ៍​វិទ្យាសាស្ត្រ​ចំនួន ៦ ក្នុងនោះ ៥ ឧបករណ៍​ត្រូវបាន​អភិវឌ្ឍ​ដោយ​ស្ថាប័ន​ក្នុងស្រុក ខណៈដែល​ឧ​បរ​កណ៍ ១ ទៀត​គឺជា​ការផ្គត់ផ្គង់​របស់ ណា​សា។ ឧបករណ៍​ទាំងនេះ​រួមមាន ម៉ាស៊ីន​ថត​ភូមិសាស្ត្រ​ឋាន​ព្រះ​ចន្ទ (LUTI), កាមេរ៉ា PolCam, ឧបករណ៍​វាស់​ដែនម៉ាញេទិច KMAG, ឧបករណ៍​វាស់​កាំរស្មី​ហ្គា​ម៉ា KGRS, ឧបករណ៍ DTNPL និង កាមេរ៉ា​កម្លាំង​ខ្លាំង ShadowCam របស់ ណា​សា។

តាម​គម្រោង Danuri នឹង​ហោះ​ទៅដល់​ឋាន​ព្រះ​ចន្ទ​ប្រហែល​ពាក់កណ្ដាល​ខែធ្នូ។ យានអវកាស​នេះ​នឹង​គោចរ​ជុំវិញ​ឋាន​ព្រះ​ចន្ទ​យ៉ាងតិច​មួយឆ្នាំ។ ភារកិច្ច​របស់ Danuri គឺ​ការ​វាស់​ដែន​ម៉ាញេទិក​នៃ​ឋាន​ព្រះ​ចន្ទ និង​វាយតម្លៃ​លើ​ប្រភពធនធាន​ដូចជា ទឹកជា​ដើម និង​គូរផែនទី​ដើម្បី​ជួយ​ដល់​ការជ្រើសរើស​ទីតាំង​ចុះចត​នៅពេល​អនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *