តំណាងរាស្ត្រនៅ សភាជាន់ទាបអាម៉េរិក លោក Smith បានថ្លែងថា ពី ៣ ទៅ ៦ សប្ដាហ៍ខាងមុខគឺជាពេលវេលាសំខាន់បំផុតចំពោះ អ៊ុយក្រែន មុនពេលរដូវត្រជាក់ចូលមកដល់ និងត្រូវជួយដល់ ទីក្រុងកៀវ កាន់តែច្រើន កាន់តែល្អ។
«នៅពេលនេះ ចូរជួយពួកគេកាន់តែច្រើនកាន់តែល្អ ព្រោះពី ៣ ទៅ ៦ សប្ដាហ៍ខាងមុខពិតជាសំខាន់ខ្លាំងណាស់» តំណាងរាស្ត្រសភាជាន់ទាបអាម៉េរិក Adam Smith ប្រធានគណៈកម្មការយោធារបស់ សភាជាន់ទាបអាម៉េរិក កាលពីថ្ងៃទី ២៥ កក្កដា បានថ្លែងអំពីអ្វីដែលលោកបានដឹងតាមរយៈ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី ក្រោយទស្សនកិច្ច រដ្ឋធានីកៀវ នាពេលកន្លង។
«បច្ចុប្បន្នគឺជារដូវក្ដៅ ប៉ុន្តែ បណ្ដាខែក្នុងរដូវរងាកំពុងតែចូលមកយ៉ាងលឿន។ សីតុណ្ហភាពចុះត្រជាក់ជាង និងលក្ខខណ្ឌមិនអំណោយផលល្អនឹងប្រែក្លាយការប្រយុទ្ធទៅជាសង្គ្រាមដែលត្រូវចំណាយច្រើន ផ្ដល់ផលប្រយោជន៍សំខាន់ដល់ រុស្ស៊ី។ ចូរផ្ដល់អាទិភាពជួយពួកគេឱ្យបានច្រើនជាងនេះ មុនពេលកងកម្លាំងរុស្ស៊ី មានប្រៀបជាង» តំណាងរាស្ត្រអាម៉េរិក បញ្ជាក់ដូច្នេះ។
ការផ្ដល់អាវុធឱ្យ អ៊ុយក្រែន នៅតែជាបញ្ហាចម្រូងចម្រាសនៅ សហរដ្ឋអាម៉េរិក។ រដ្ឋាភិបាលលោក បៃដិន បានផ្ដល់ជំនួយ ៨.២ ពាន់លានដុល្លារដល់ អ៊ុយក្រែន រួចហើយ រាប់ចាប់តាំងពី រុស្ស៊ី បើកការឈ្លានពានកាលពីចុងខែកុម្ភៈ។
ក៏ប៉ុន្តែ រដ្ឋាភិបាលអាម៉េរិក មិនចង់បញ្ជូនអាវុធរយៈចម្ងាយឆ្ងាយទៅឱ្យ អ៊ុយក្រែន ដោយសារតែការបារម្ភអំពីការកើនឡើងនៃភាពតានតឹង ដែលអាចនាំទៅរកសង្គ្រាមលោកលើកទីបី។