Skip to content

មនុស្ស​រាប់ពាន់នាក់​ត្រូវ​រត់ចោល​ផ្ទះ​ដោយសារ​ភ្លើងព្រៃ​នៅ សហរដ្ឋ​អាម៉េរិក

ភ្លើងព្រៃ​នៅ California សហរដ្ឋ​អា​ម៉​រិ​ក បន្ត​ឆេះ​រាលដាល ដុតបំផ្លាញ​ព្រៃឈើ​រាប់ពាន់​ហិកតា បង្ខំ​ឱ្យ​មនុស្ស​ជាង ៦,០០០ នាក់​ត្រូវ​រត់ចោល​ផ្ទះសំបែង។

ភ្លើង​ឆេះ​ព្រៃ​ដែល​ត្រូវបាន​គេ​ហៅថា Oak Fire បាន​ឆាបឆេះ​នៅ​ខាងក្រៅ​ឧទ្យាន​ជាតិ Yosemite ក្នុងស្រុក Mariposa ភាគ​កណ្ដាល​នៃ​រដ្ឋ California តាំងពី​ថ្ងៃទី ២២ កក្កដា រហូតដល់​បច្ចុប្បន្ន ដោយ​មិនទាន់​ត្រូវបាន​គ្រប់គ្រង​នៅឡើយ។

បុគ្គលិក​ពន្លត់​អគ្គិភ័យ​ជាង ២,០០០ នាក់ និង​ឧទ្ធម្ភាគចក្រ ១៧ គ្រឿង កំពុង​ចូលរួម​បេសកកម្ម​ពន្លត់​ភ្លើងព្រៃ Oak Fire នេះ​បើតាម​នាយកដ្ឋាន​ព្រៃឈើ និង​បង្ការ ពន្លត់ភ្លើង​ព្រៃរបស់ រដ្ឋ​កាលីហ្វ័រ​ញ៉ា (CAL FIRE)។ ភ្លើងព្រៃ​បាន​ដុតបំផ្លាញ​ឈើ និង​គ្រប់យ៉ាង ជាង ៦,៣០០ ហិកតា។ អាកាសធាតុ​ក្ដៅ​ខ្លាំង រួម​នឹង​កម្រិត​សំណើម​ទាប បាន​បណ្ដាលឱ្យ​បេសកកម្ម​ពន្លត់​ភ្លើងព្រៃ​ត្រូវ​ជួប​ការលំបាក​ខ្លាំង។

ភ្លើងព្រៃ Oak Fire បាន​បំផ្លាញ​ផ្ទះ​យ៉ាងតិច ១០ ខ្នង បង្ក​ការខូចខាត​ដល់ផ្ទះ ៥ ខ្នង​ផ្សេងទៀត និង​កំពុង​គំរាមកំហែង​ដល់ផ្ទះ​រាប់ពាន់​ខ្នង​នៅក្បែរនោះ។ មនុស្ស​ជាង ៦,០០០ នាក់​ត្រូវបាន​ជម្លៀស នេះ​បើតាម Hector Vasquez មន្ត្រីជាន់ខ្ពស់​របស់ CAL FIRE។

អភិបាលរដ្ឋ California កាលពី​ថ្ងៃទី ២៣ កក្កដា បានប្រកាស​អាសន្ន​ចំពោះ​ស្រុក Mariposa ព្រោះតែ «ស្ថានការណ៍​គ្រោះថ្នាក់​ជាទីបំផុត​សម្រាប់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​មនុស្ស»៕

Leave a Reply

Your email address will not be published. Required fields are marked *