ប៉ូលិសកេនយ៉ា បានឱ្យដឹងថា មនុស្សយ៉ាងតិច ២៤ នាក់បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី ២៤ កក្កដា នៅពេលរថយន្តក្រុងមួយគ្រឿងបានជ្រុលចង្កូតធ្លាក់ពីលើស្ពានចូលទៅទន្លេនៅក្បែរផ្លូវល្បឿនលឿន។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១៨ កន្លះ (ម៉ោងក្នុងស្រុក) គ្រាដែលរថយន្តក្រុងដែលជួបគ្រោះថ្នាក់នេះកំពុងធ្វើដំណើរពីទីរួមស្រុក Meru (ភាគកណ្ដាលប្រទេសកេនយ៉ា) ទៅកាន់ រដ្ឋធានីណៃរ៉ូប៊ី។
សមត្ថកិច្ចកេនយ៉ា បានឱ្យដឹងថា មូលហេតុដំបូងអាចបណ្ដាលមកពីរថយន្តមានបញ្ហាហ្វាំង នេះបើយោងតាមល្បឿនយ៉ាងលឿនរបស់រថយន្តនៅក្នុងពេលជួបគ្រោះថ្នាក់។
យោងតាមវិទ្យុ Capital News របស់ កេនយ៉ា ហេតុការណ៍នេះបានសម្លាប់មនុស្សយ៉ាងតិច ២៤ នាក់ និងជាង ២០ នាក់ផ្សេងទៀតរងរបួស ខណៈដែលមនុស្សជាច្រើននាក់បានបាត់ខ្លួន។ សមត្ថកិច្ចនិយាយថា តួលេខអ្នកស្លាប់អាចបន្តកើនឡើងទៀត។ ចំណែកស្ពាន ជាទីដែលរថយន្តក្រុងនេះជួបគ្រោះថ្នាក់ ក៏ត្រូវបានចាត់ទុកថាជាកន្លែង «ជើងកប» ដោយសារតែមានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទីនេះជាញឹកញាប់៕